ប៉ូលិសជប៉ុនបាត់រូបភាពពីកន្លែងកើតហេតុនៃបទល្មើសចំនួន ១០០០ ករណី ដែលរក្សាទុកក្នុង SD Card ចំនួន ២០

ជប៉ុន ៖ ប៉ូលិសនៅក្នុងខេត្តមីយ៉ាជី (Miyagi) បានបាត់ SD Card ចំនួន ២០ ដែលមានរូបថតស៊ើបអង្កេតបទល្មើសប្រហែល ១.០០០ ករណីដែលទំនងជាបាត់ដោយសារច្រឡំបោះចោល។

យោងតាមកាសែត The Mainichi ប៉ូលិសខេត្តមីយ៉ាជីបានបញ្ជាក់អំពីឧបទ្ទវហេតុនេះកាលពីថ្ងៃទី ២៦ ខែមីនា ដោយបញ្ជាក់ថា វាបានកើតឡើងនៅប៉ុស្តិ៍ប៉ូលិស Sendai Higashi ក្នុងទីក្រុង Sendai (ទីក្រុងធំរបស់ខេត្ត)។

ការបាត់នេះត្រូវបានដឹងកាលពីថ្ងៃទី ២៨ ខែកុម្ភៈក្នុងអំឡុងពេលត្រួតពិនិត្យដោយមន្ត្រីមកពីផ្នែកសុវត្ថិភាពសហគមន៍របស់ប៉ុស្តិ៍ប៉ូលិស។ ទោះបីជាមេម៉ូរីកាតត្រូវបានរក្សាទុកនៅក្នុងឯកសារត្រឹមត្រូវនៅប៉ុស្តិ៍ប៉ូលិសក៏ដោយ ក៏ការសម្ភាសជាមួយបុគ្គលិកបានបង្ហាញថា មេម៉ូរីកាតទាំងនោះទំនងជាត្រូវបោះចោលដោយអចេតនា។

ប៉ូលិសបានកត់សម្គាល់ថា មេម៉ូរីកាតដែលបាត់នោះគឺមានរូបភាពទាក់ទងនឹងករណីចំនួន ១៤ ដែលថតនៅចន្លោះឆ្នាំ២០១៨ និង ២០២១។ រូបភាពទាំងនេះរួមមានរូបថតរបស់បុគ្គលចំនួន ២៣ នាក់ រួមទាំងជនសង្ស័យ និងជនរងគ្រោះព្រមទាំងរូបភាពដែលមានព័ត៌មានលម្អិតផ្ទាល់ខ្លួន ដូចជាឈ្មោះ និងលេខទូរសព្ទ ដូចដែលបានរាយការណ៍ដោយទូរទស្សន៍ NHK។

ប៉ុស្តិ៍ប៉ូលិស Sendai Higashi បានចេញសេចក្តីជូនដំណឹងជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួនដោយបញ្ជាក់ថា«គ្មានករណីនៃការបន្លំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនណាមួយត្រូវបានបញ្ជាក់ទេ ប៉ុន្តែលទ្ធភាពនៃការលេចធ្លាយទិន្នន័យមិនអាចបដិសេធបានទេ»។

ប៉ុស្តិ៍ប៉ូលិសខាងលើបានបង្កើតសេវាប្រឹក្សាយោបល់ និងផ្តល់លេខទូរសព្ទទាន់ហេតុការណ៍សម្រាប់អ្នកដែលអាចរងផលប៉ះពាល់ ឬមានការព្រួយបារម្ភពីឧបទ្ទវហេតុនេះ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *