អ្នកស្លាប់ដោយរញ្ជួយដីនៅភូមាកើនឡើងដល់ជិត ៧០០ នាក់ ខណៈជំនួយអន្តរជាតិចាប់ផ្តើមដឹកមកដល់

ភូមា ៖ ជំនួយអន្តរជាតិបានចាប់ផ្តើមមកដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ២៩ ខែមីនានេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបានបំផ្លិចបំផ្លាញប្រទេសអាស៊ីអាគ្នេយ៍មួយនេះចំពេលមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់បន្ថែមទៀត។

រដ្ឋាភិបាលយោធាបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ៦៩៤ នាក់ និងរបួស១៦៧០ នាក់ ដែលកើនឡើងយ៉ាងខ្លាំងពីចំនួនអ្នកស្លាប់ចំនួន ១៤៤ នាក់ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២៥។

រដ្ឋាភិបាលយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា«ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន និងអគារនានាត្រូវបានរងផលប៉ះពាល់ ដែលនាំឱ្យមានការស្លាប់ និងរបួសក្នុងចំណោមជនស៊ីវិលជាច្រើន។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងត្រូវបានអនុវត្តនៅក្នុងតំបន់រងផលប៉ះពាល់»។

មេដឹកនាំរបបយោធា លោកឧត្តមសេនីយ៍ មីន អ៊ុងលាំង បានព្រមានកាលពីថ្ងៃទី ២៨ ខែមីនា អំពីការស្លាប់ និងរបួសច្រើនបន្ថែមទៀត ខណៈដែលគាត់បានស្នើ «គ្រប់ប្រទេស» ឱ្យផ្តល់ជំនួយ និងការបរិច្ចាគ។

ក្រុមជួយសង្គ្រោះចិនបានមកដល់នៅថ្ងៃទី ២៩ ខែមីនា ខណៈដែលរុស្ស៊ី និងសហរដ្ឋអាមេរិកបានផ្តល់ជំនួយគ្រោះមហន្តរាយដែលបានវាយប្រហារនៅពេលអាហារថ្ងៃត្រង់នៅថ្ងៃទី ២៨ ខែមីនា និងបានបំផ្លាញអគារជាច្រើននៅក្នុងប្រទេសថៃជិតខាង។

គំរូព្យាករណ៍របស់ទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិក​ (USGS)​ បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់អាចលើសពី១០.០០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយការខាតបង់នេះអាចធំជាងតម្លៃនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះទៅទៀត។ 

លោកស្រី Susan Hough អ្នកវិទ្យាសាស្ត្រនៅក្នុងកម្មវិធីគ្រោះរញ្ជួយដីរបស់ USGS បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា វាពិបាកក្នុងការទស្សន៍ទាយចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដី ដោយសារហេតុផលផ្សេងៗ រួមទាំងពេលវេលាផងដែរ។

 លោកស្រីបាននិយាយថា នៅពេលដែលការរញ្ជួយដីកើតឡើងនៅពេលថ្ងៃក្នុងប្រទេសមីយ៉ាន់ម៉ា «មនុស្សមិនដេកទេ អ៊ីចឹងពួកគេដឹងពីរញ្ជួយដី ពួកគេអាចឆ្លើយតបបានប្រសើរជាង»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *