ភូមា-ថៃ ៖ មនុស្សរាប់ម៉ឺននាក់ត្រូវគេបារម្ភថាស្លាប់ ក្រោយរញ្ជួយដីដ៏ធំសម្បើមវាយប្រហារប្រទេសថៃ និង មីយ៉ាន់ម៉ានៅរសៀលថ្ងៃទី២៨មីនានេះ ដោយបំផ្លាញអគារជាច្រើនខ្នង និងបង្កក្តីបារម្ភថា ទំនប់ទឹកជាច្រើនអាចនឹងរលំ ដែលនាំឲ្យមានគ្រោះទឹកជំនន់ថែមទៀត។

ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រអាមេរិកបានព្យាករណ៍ថា មនុស្សរាប់ម៉ឺននាក់អាចបាត់បង់ជីវិត ក្រោយរញ្ជួយដីកម្រិត ៧,៧រិច្ឆទ័រវាយប្រហារក្បែរទីក្រុងម៉ាន់ដេឡា ដែលជាទីក្រុងធំបំផុតទីពីររបស់ភូមានៅថ្ងៃសុក្រនេះ។

រញ្ជួយដីជម្រៅរាក់នេះបានវាយកណ្តាលប្រទេសមីយ៉ាន់ម៉ានៅម៉ោង ១៣និង២០នាទី និងប៉ុន្មាននាទីក្រោយមកក៏មានរំញ័រកម្រិត ៦,៤ រិច្ឆទ័រ។

ក្រុមមន្ត្រីនៅមន្ទីរពេទ្យធំក្នុងរដ្ឋធានីណៃពិដោបានប្រកាសតំបន់ខាងលើជា «តំបន់ស្លាប់របួសធំធេង»ដោយចំនួនអ្នកស្លាប់រំពឹងកើនឡើងខ្ពស់ ក្រោយអគារជាច្រើនបានរលំ។

ដុកទ័រម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ខ្ញុំមិនដែលឃើញរឿងបែបនេះពីមុនទេ។ យើងកំពុងព្យាយាមដោះស្រាយជាមួយស្ថានការណ៍។ ខ្ញុំឥឡូវអស់កម្លាំងខ្លាំងណាស់»។

សាស្ត្រាចារ្យ Ian Main ប្រធានផ្នែករញ្ជួយដីវិទ្យា និងរូបធាតុរឹង នៅសាលាជំនាញវិទ្យាសាស្ត្រផែនដី នៅសាកលវិទ្យាល័យអេឌីនបឺក របស់ស្កុតឡែន បាននិយាយថា «ការខូចខាតទំនងមានសភាពធ្ងន់ធ្ងរខ្លាំងណាស់នៅក្បែរចំណុចរញ្ជួយ ដោយផ្អែកលើកម្លាំងរញ្ជួយខាងលើ និងផែនទីដង់ស៊ីតេប្រជាជន និងភាពងាយរងគ្រោះនៃអគារ»។

លោកបាននិយាយដោយផ្អែកលើការព្យាករណ៍របស់ USGS PAGER ថា «ជីវិតមនុស្សអាចបាត់បង់ពីចន្លោះ១០.០០០ ទៅ ១០០.០០០ នាក់»៕(ប្រែសម្រួលដោយ លោកពិសិដ្ឋ សំណាង)



