អ្នកស្លាប់ដោយភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងកើនឡើងដល់ ១៦ នាក់

កូរ៉េខាងត្បូង ៖ យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែងនៅទូទាំងតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។

ភ្លើងឆេះព្រៃដ៏សាហាវបានរាលដាលពាសពេញតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ២៥ ខែមីនាឆ្នាំ២០២៥ដោយបង្ខំឱ្យអ្នកស្រុករាប់សិបពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង និងតំបន់ជិតខាង ដោយអាជ្ញាធរបានផ្ទេរអ្នកទោសរាប់ពាន់នាក់ចេញពីពន្ធនាគារផងដែរ។

គិតត្រឹមម៉ោង ៥ ព្រឹក ថ្ងៃទី ២៦ ខែមីនានេះ មនុស្ស ១២ នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដែលចាប់ផ្តើមពីស្រុកUiseong ខណៈដែលអ្នកស្លាប់ ៤ នាក់ផ្សេងទៀតត្រូវបានផ្សារភ្ជាប់ទៅនឹងភ្លើងព្រៃមួយផ្សេងទៀតពីស្រុកSancheong ។នេះបើយោងតាមក្រសួងសុវត្ថិភាព។

ប្រធានាធិបតីស្តីទីលោក Han Duck-soo បានប្តេជ្ញាដាក់ពង្រាយឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ និងបុគ្គលិកជើងគោកដើម្បីទប់ទល់នឹងភ្លើងឆេះ ដែលបណ្តាលមកពីខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។

ក្រសួង​សុវត្ថិភាព​បាន​និយាយ​ថា ស្ថានភាពស្ងួត​នេះរំពឹង​បន្ត​កើត​មាន​ក្នុង​តំបន់​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនានេះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ករណីរបួសនិងស្លាប់មួយចំនួនបានកើតឡើងនៅពេលដែលមនុស្សព្យាយាមរត់គេចពីភ្លើង ប៉ុន្តែរថយន្តរបស់ពួកគេបានក្រឡាប់។

អគ្គិភ័យ​ ដែល​បាន​ឆាបឆេះ​កាលពី​ថ្ងៃ​ទី ២២ មីនា នៅ​តំបន់ Uiseong មិនទាន់​ត្រូវ​បាន​ទប់ស្កាត់​នៅឡើយ​ទេ ដោយ​បានបំផ្លាញ​ប្រាសាទបុរាណ និង​ផ្ទះសម្បែង​ជាច្រើន។ រដ្ឋាភិបាលបានកំណត់តំបន់រងគ្រោះជាតំបន់គ្រោះមហន្តរាយពិសេស៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *