ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងមិត្តភក្តិ បានបើករថយន្តម៉ាកព្រូសក្នុងល្បឿនលឿន ទៅបុករះរថយន្ត៣គ្រឿងដែលកំពុងឈប់ចាំស្តុបបណ្តាលឱ្យខូចខាត កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៥ ស្ថិតនៅស្តុប ៩២ កែងនិងផ្លូវភ្នំពេញ-ហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញជនជាតិចិន៣ទៅ៤នាក់ ជិះក្នុងរថយន្ត ម៉ាកតូយូតាព្រូស ពណ៌ស្ករ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2BO-4193 បើកបរតាមបណ្តោយផ្លូវបេតុងលេខ៩២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនឆ្ពោះទៅកាន់ស្តុប៩២ ។
បើតាមអ្នកឃើញហេតុការណ៍បានបន្តទៀតថា ខណៈមកដល់ជិតស្តុបទៅហើយ រថយន្តមិនបានបង្អង់ល្បឿននោះទេដោយខាងមុខមានរថយន្តកំពុងឈប់ចាំភ្លើងសញ្ញាចរាចរណ៍ ក៏ជ្រុលបុករះទាំងកម្រោលលើរថយន្ត៣គ្រឿង និងប៉ះម៉ូតូ១គ្រឿង ដែលបណ្តាលឱ្យរងការខូចខាត ,ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

រថយន្តដែលរងការខូចខាតមាន TOYOTA PRUIS , HIGHLANDER , MAZDA និងម៉ូតូ BEAT ១គ្រឿង ប៉ុន្តែម្ចាស់ម៉ូតូមិនប្រកាន់ក៏បើកចេញពីទីតាំងកើតហេតុបាត់ទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង និងបានឱ្យភាគីទាំងអស់ធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធី ,បើសិនមិនអាចដោះស្រាយគ្នាបាននោះសមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តទាំងអស់ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕(ដោយ សំណាង)
