កាណាដា ៖ នាយករដ្ឋមន្ត្រីកាណាដាថ្មី លោក ម៉ាក ខានី (Mark Carney) កាលពីថ្ងៃទី ២៣ ខែមីនា បានអំពាវនាវបោះឆ្នោតមុនកាលកំណត់សម្រាប់ថ្ងៃទី ២៨ ខែមេសា ដោយនិយាយថា លោកត្រូវការអាណត្តិដ៏រឹងមាំមួយ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល «ចង់បំបែកពួកយើង ដើម្បីឱ្យអាមេរិកជាម្ចាស់លើពួកយើង»។
ការអត្ថាធិប្បាយនេះបង្ហាញពីវិសាលភាព ដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលជាសម្ព័ន្ធមិត្តចាស់វស្សា និង ជាដៃគូពាណិជ្ជកម្មសំខាន់ បានធ្លាក់ចុះដល់កម្រិតទាបប៉ុណ្ណា ចាប់តាំងពីលោកត្រាំបានយកពន្ធលើប្រទេសកាណាដា និងបានគំរាមកាត់យកកាណាដាធ្វើជារដ្ឋទី ៥១ របស់ខ្លួន។
ទោះបីជាការបោះឆ្នោតលើកក្រោយនឹងមកដល់ថ្ងៃទី ២០ ខែតុលាក៏ដោយ ក៏លោកខានី សង្ឃឹមថានឹងទទួលផលចំណេញពីការស្ទុះងើបឡើងវិញដ៏គួរឱ្យកត់សម្គាល់ដោយគណបក្សសេរីនិយមរបស់លោកនៅក្នុងការស្ទង់មតិចាប់តាំងពីខែមករា នៅពេលដែលលោកត្រាំបានចាប់ផ្តើមគំរាមកំហែងកាណាដា ហើយអតីតនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ បានប្រកាសលាលែងពីតំណែង។

នៅពេលស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៤ ខែមីនា លោកខានីបាននិយាយថា គាត់អាចធ្វើការជាមួយនិងគោរពលោកត្រាំ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ២៣ ខែមីនា គាត់បានប្រើវិធីសាស្រ្តប្រយុទ្ធកាន់តែខ្លាំងជាងមុន។
លោកខានីបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីអគ្គទេសាភិបាល ដែលជាតំណាងផ្ទាល់ខ្លួនរបស់ស្តេចឆាល ប្រមុខរដ្ឋរបស់ប្រទេសកាណាដា បានយល់ព្រមលើសំណើរបស់គាត់សម្រាប់ការបោះឆ្នោតមុនកំណត់នេះថា «យើងកំពុងប្រឈមនឹងវិបត្តិដ៏សំខាន់បំផុតនៃជីវិតរបស់យើងដោយសារតែសកម្មភាពពាណិជ្ជកម្មមិនសមហេតុផលរបស់ប្រធានាធិបតីត្រាំ និងការគំរាមកំហែងរបស់គាត់ចំពោះអធិបតេយ្យភាពរបស់យើង»។
លោកបន្តថា «ការឆ្លើយតបរបស់យើងគឺត្រូវតែកសាងសេដ្ឋកិច្ចឲ្យរឹងមាំ និងកសាងប្រទេសកាណាដាដែលមានសុវត្ថិភាពជាងមុន។ ប្រធានាធិបតីត្រាំ អះអាងថាកាណាដាមិនមែនជាប្រទេសពិតប្រាកដទេ។ គាត់ចង់បំបែកពួកយើងដើម្បីឲ្យអាមេរិកជាម្ចាស់របស់យើង។ យើងនឹងមិនអនុញ្ញាតឱ្យមានរឿងនោះកើតឡើងឡើយ»។
សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់លោកខានីនោះទេ។
លោកត្រាំកាលពីថ្ងៃទី ៦ ខែមីនាបានពន្យារពេលវាយពន្ធ ២៥ ភាគរយលើទំនិញកាណាដាមួយចំនួនសម្រាប់រយៈពេល ៣០ ថ្ងៃ។ ចាប់តាំងពីពេលនោះមក គាត់បានវាយពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ហើយបានគំរាមយកពន្ធឆ្លើយតបលើទំនិញបន្ថែមជាច្រើនទៀត រួមទាំងទឹកដោះគោ និងឈើរបស់កាណាដានៅថ្ងៃទី ២ខែមេសាខាងមុខ៕(ប្រែសម្រួលដោយ លោកសំណាង)
