ត្រាំថា កាណាដា ម៉ិកស៊ិក និង ចិន មិនអាចធ្វើអ្វីបានទាំងអស់ដើម្បីរារាំងពន្ធថ្ងៃ១កុម្ភៈ

ស.រ.អា. ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី៣១ មករាថា លោកនឹងដាក់ពន្ធថ្មីចំនួន ២៥ ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយលើការនាំចូលពីប្រទេសចិន ហើយគ្មានអ្វីអាចធ្វើបានដោយប្រទេសទាំងបីដើម្បីរារាំងពន្ធបានឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោកត្រាំបានលើកលែងខ្លះចំពោះរ៉ែប្រេងពីប្រទេសកាណាដាដោយនិយាយថាអត្រានោះនឹងមាន ១០ ភាគរយធៀបនឹង ២៥ ភាគរយដែលបានគ្រោងទុកសម្រាប់ទំនិញផ្សេងទៀតពីប្រទេសជិតខាងភាគខាងជើងរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ​លោក​បាន​បង្ហាញ​ថា​ ពន្ធកាន់តែ​ខ្ពស់​លើ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នឹង​មក​ដល់​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ជាសម្តីដែល​ធ្វើ​ឱ្យតម្លៃ​ប្រេងហក់​ឡើង​ខ្ពស់​។

លោកត្រាំ បានគំរាមពន្ធគយអស់ជាច្រើនសប្តាហ៍មកហើយ ដោយនិយាយថា ពន្ធនឹងត្រូវបានដាក់នៅថ្ងៃទី ១ ខែកុម្ភៈហើយនៅបន្តដាក់ដដែលរហូតដល់ប្រទេសនានាបានប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកនិង អាភៀន ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើ ខណៈដែលគាត់កំពុងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិលោកត្រាំបាននិយាយថា គាត់ដឹងថាពន្ធអាចបណ្តាលឱ្យមានការចំណាយខ្ពស់ចំពោះអ្នកប្រើប្រាស់ ហើយបានទទួលស្គាល់ថាសកម្មភាពរបស់គាត់អាចបណ្តាលឱ្យមានការរំខានក្នុងរយៈពេលខ្លី។ សេដ្ឋវិទូភាគច្រើនប៉ាន់ស្មានថាពន្ធនាំចូលដ៏ច្រើនបែបនេះ និងលទ្ធភាពសងសឹក នឹងរំខានដល់សកម្មភាពសេដ្ឋកិច្ចជុំវិញពិភពលោក។

នៅពេលសួរថា តើមានឱកាសណាមួយនៅដំណាក់កាលនេះសម្រាប់ដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់សហរដ្ឋអាមេរិកដើម្បីទទួលបានការពន្យារពេលគិតពន្ធដែរឬទេ លោកត្រាំបាននិយាយថា «ទេ ទេ មិនអាចធ្វើបានទេឥឡូវនេះ»។

លោកបាន​ច្រានចោល​គំនិត​ដែលថា​គាត់​គំរាម​កំហែង​ដំឡើង​ពន្ធ​គឺជា​ឧបករណ៍​ចរចា។ «ទេ វាមិនមែនទេ … យើងមានឱនភាពពាណិជ្ជកម្មធំជាមួយពួកគេទាំងបីណាស់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *