បាត់ដំបង ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២១និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ការិយាល័យជំនាញ ឃាត់ខ្លួនជនសង្ស័យ៩នាក់ជាបន្ទាប់។

ប្រតិបតិបត្តិការនេះធ្វើឡើង ក្រោយចាប់បានជនសង្ស័យ០៣នាក់ រួចបន្តទៅចាប់មេក្លោង ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ៣០ឆ្នាំ (មេក្លោង) និង ឈ្មោះមួង ឌី ភេទប្រុស អាយុ៤០ឆ្នាំ (មេក្លោង) និងអ្នកពាក់ព័ន្ធជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាច្រើននាក់សរុប៩នាក់។

សមត្ថកិច្ចបានចាប់យកគ្រឿងញៀន២១៣ដុំ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម មានដូចជា គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE)ចំនួន៦៩ដុំ ទម្ងន់ប្រមាណ៦៩គីឡូក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន៤៤ដុំ ទម្ងន់ប្រមាណ៤៤គីឡូក្រាម ,គ្រឿងញៀនប្រភេទកេតាមីន(ខេ) ចំនួន១០០ដុំទម្ងន់ប្រមាណ១០០គីឡូក្រាម ,អាវុធអាកា៤៧ចំនួន០២ដើម បង់ចំនួន០២ គ្រាប់ចំនួន១៣គ្រាប់ ,អាវុធខ្លីកា៥៤ចំនួន០១ដើម ( គ្មានគ្រាប់ ) ,រថយន្តចំនួន០២គ្រឿង ម៉ាកTOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ស, ម៉ាកTOYOTA LANDCRUISER ពណ៌ស និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕(ដោយ BBN05)



