រថយន្ត Toyota prius បើកលឿនជ្រុលបុកម៉ូតូអគ្គិសនីបត់ឆ្លងផ្លូវបណ្ដាលឱ្យបុរសជាអ្នកដឹកម្ហូបក្រុមហ៊ុន Foodpandaម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសជាអ្នកដឹកម្ហូបអាហារបស់ក្រុមហ៊ុន Foodpandaម្នាក់គ្រោះថ្នាក់ដល់ស្លាប់បន្ទាប់ពីជិះម៉ូតូអគ្គិសនីបត់ឆ្លងស្តុបស្របពេលមានរថយន្តToyota prius បើកផ្លូវត្រង់មកយ៉ាងលឿនជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៤ នៅចំណុចស្តុបទួលពង្រ ស្ថិតនៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពបឋមបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ សន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជួនម្ហូបអាហារ របស់ក្រុមហ៊ុន Foodpanda មានស្រុក កំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្បែវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូអគ្គិសនីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ,ខណ:ពេលជិះមកដល់ត្រង់ចំណុចកើតហេតុ ស្តុបទួលពង្រ ក៏បានបត់ឆ្វេងឆ្លងស្តុបឆ្ពោះទៅផ្លូវបេតុងម្ខាងទៀត ពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានបុរសម្នាក់បើករថយន្តបង្កមួយគ្រឿងម៉ាក Toyota prius ពណ៌ទុយោទឹកពាក់ស្លាកលេខ ភ្នំពេញ 2BK-0854 ធ្វើដំណើរមកផ្លូវត្រង់តាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតមកលិចក្នុងល្បឿន។

ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើឆ្លងស្តុប មិនប្រយ័ត្នក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូអគ្គិសនីជិះដោយបុរសរងគ្រោះចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ ហើយជនរងគ្រោះវិញបោកក្បាលផ្ទប់នឹងកញ្ចក់ផ្ទៃខាងមុខធ្លាក់មកក្រោមស្លាប់ភ្លាមៗ ហើយរថយន្តបង្កបន្តល្បឿនបើកទៅមុខបានប៉ុន្មានម៉ែត្រក៏ទុករថយន្តចោលរួចអ្នកបើកបរបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោករាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ, ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *