ស.អា.រ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំងមួយត្រូវបានជន់លិចនៅពាក់កណ្តាលជើងហោះហើរដោយសារទឹកលេចធ្លាយក្នុងបន្ទប់ទឹក។
កាសែត New York Post បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថា វីដេអូ TikTok ដែលមានអ្នកចូលមើលជាង៧,២ លានដង បានចាប់យកឧបទ្ទវហេតុនេះកាលពីថ្ងៃទី ៧ ខែធ្នូឆ្នាំ២០២៤ ដោយអ្នកបង្កើតមាតិកាវីដេអូឃ្លីបនោះសរសេរថា «ភាពយន្តលើមេឃ Titanic»។
ទឹកអាចមើលឃើញហូរតាមច្រកដើរនៅលើយន្តហោះដែលកំពុងហោះហើរពីរដ្ឋតិចសាស់ទៅរដ្ឋមីនីសូតា។ គេអាចមើលឃើញមនុស្សព្យាយាមរត់គេចពីទឹកហូរចេញមកពីការលេចធ្លាយក្នុងបន្ទប់ទឹក។
អ្នកដំណើរម្នាក់នៅលើយន្តហោះបាននិយាយថា មនុស្សម្នាក់ទៀតបានប្រើប្រាស់បន្ទប់ទឹករបស់យន្តហោះ ហើយបានប្រាប់អ្នកបម្រើលើយន្តហោះអំពីការលេចធ្លាយ ប៉ុន្តែសមាជិកអាកាសយានិកមិនអាចបញ្ឈប់វាបានទេ៕(ប្រែសម្រួលដោយ លោកសំណាង)