បុរសម្នាក់ចាក់សាំងដុតហាងតែក្នុងទីក្រុងហាណូយ បណ្តាលឱ្យបាត់បង់ជីវិត ១១ នាក់

វៀតណាម ៖ មានករណីគ្រោះអគ្គិភ័យបានឆាបឆេះនៅហាងតែ មួយកន្លែងនៅផ្លូវ Pham Van Dong ទីក្រុងហាណូយ កាលពីយប់ថ្ងៃពុធទី១៨ ធ្នូ ឆ្នាំ២០២៤ដែលបណ្តាលមកពីដបសាំង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១១នាក់បាត់បង់ជីវិត។

ហាង«តែ» ដែលជាកន្លែងពេញនិយមសម្រាប់ការជួបជុំច្រៀងរាំ បានឆាបឆេះយ៉ាងសន្ធោសន្ធៅយ៉ាងលឿន ហើយរាលដាលដល់ផ្ទះជិតខាងថែមទៀត។

រថយន្តពន្លត់អគ្គិភ័យ និងរថយន្តរាប់សិបគ្រឿងត្រូវបានបញ្ជូនដើម្បីទប់ស្កាត់ការឆាបឆេះ។ នៅពេលគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង ក្រុមជួយសង្គ្រោះបានស្វែងរកក្នុងអគារ ដោយយកចេញនូវសាកសពជាច្រើននាក់។

គិតត្រឹមម៉ោង ៣ ទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសបានរកឃើញអ្នកស្លាប់ចំនួន ១១ នាក់។ ពួកគេ​បាន​ជួយ​សង្គ្រោះ​មនុស្ស​៧​នាក់​ផ្សេង​ទៀត ដោយ​៥​នាក់​ស្ថិត​ក្នុង​ស្ថានភាព​នឹងនរ និង​២​នាក់​ទៀត​សម្រាក​នៅ​មន្ទីរពេទ្យ ។

រថយន្ត​សង្គ្រោះ​បាន​តម្រង់​ជួរ​តាម​ផ្លូវ ខណៈ​អាជ្ញាធរ​ព្យាយាមគ្រប់គ្រងស្ថានការណ៍ក្រោយ​សោកនាដកម្ម​នេះ។ បុរសដែលទទួល​ខុស​ត្រូវ​ក្នុង​ការ​ឆេះ​នេះ​ អាយុ ៥១ ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​។

បុរសនោះបាននិយាយថា «គាត់បានមកផឹកស្រាបៀរ ហើយមានជម្លោះជាមួយបុគ្គលិក ទើបគាត់ចាក់សាំងចូលក្នុងហាងដុតជាន់ទីមួយ និងបិទច្រកចេញសម្រាប់អ្នកនៅខាងក្នុង។

វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ថា បុរស​ម្នាក់​កាន់​ដបសាំងសំដៅ​ទៅ​ហាងទឹក​តែ​នៅ​វេលា​ម៉ោង​១១​និង​០១​នាទី​យប់។ ហើយភ្លើងបានឆាបឆេះមួយសន្ទុះក្រោយមកតែម្តង៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *