ភ្នំពេញ ៖ បុរសម្នាក់បែកថ្នាំដុតផ្ទះខ្លួនឯងឆេះអស់មួយចំនួនត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន កាលពីថ្ងៃទី១៧ខែធ្នូម្សិលមិញ នៅចំណុចបុរីរំចេក ផ្ទះលេខE18 ផ្លូវផ្ការំយោល ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះស៊ុន ថាពុន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមនុស្សញៀនថ្នាំរហូតបែកថ្នាំ) ។ចំណែកម្ចាស់ផ្ទះជាឪពុកឈ្មោះស៊ុន សុខន អាយុ ៧៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរនៅផ្ទះ ។ ប្រភេទសំណង់ដែលឆេះសង់ពីថ្មបេតុង ទំហំ០៤ម៉ែត្រគុណនឹង១៦ម៉ែត្រ បណ្តាលឱ្យឆេះបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់, ពូកពីរ រួមទាំងសម្ភារប្រើប្រាស់ក្នុងបន្ទប់អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
ប្រភបន្តថា ខណៈជនសង្ស័យបែកថ្នាំខ្លាំងក៏យកភ្លើងដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះសន្ធោសន្ធៅ ។ ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន និងរថយន្តជំនួយអន្តរាគមន៍របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង ១១ព្រឹក នាថ្ងៃខែឆ្នាំដដែល។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏ឃាត់ជមសង្ស័យឈ្មោះស៊ុន ថាពុន បញ្ជូនទៅអធិការដ្ឋានខណ្ឌដង្កោចាត់ការបន្ត តាមនីតិវិធី ៕(ដោយ SAKARA)