លួចសត្វក្របី៣ក្បាលនៅខេត្តព្រះសីហនុ ចាប់បាន២នាក់នៅកំពង់ឆ្នាំងនិងព្រៃវែង

ព្រះសីហនុ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ូលិសចម្រុះឃាត់ខ្លួនបញ្ជូនទៅតុលាការនាថ្ងៃទី១៤ធ្នូឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើសកម្មភាពលួចក្របីអ្នកស្រុក៣ក្បាលកាលពីពេលថ្មីៗកន្លងទៅនេះ នៅចំណុចភូមិថ្មី ឃុំ-ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ប៉ូលិសនិយាយថា កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានការរាយការណ៍ថាមានករណីលួចក្របី ០៣ក្បាល នៅចំណុចភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលារួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកកំពង់សីលា បើកការស្រាវជ្រាវស៊ើបអង្កេតដោយយកចិត្តទុកដាក់ ។

ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រហូតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់និងដកហូតបានវត្ថុតាងមានសត្វក្របីចំនួន០៣ក្បាល និងរថយន្តចំនួន០៣គ្រឿង ។ 

ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានកសាងសំណុំរឿងនិងជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ នាថ្ងៃទី១៤ធ្នូ ដើម្បីបន្តនីតិវិធី និងស្វែងរកចាប់ខ្លួនបក្សពួកដែលនៅសេសសល់ ៕(ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *