ឥណ្ឌា ៖ គម្រោងសាងសង់នាវាមុជទឹកតម្លៃ ៦ ពាន់លានដុល្លាររបស់ឥណ្ឌាបានជាប់គាំងដោយសារតែការត្អូញត្អែរពីអ្នកម៉ៅការជុំវិញថា តើនីតិវិធីត្រឹមត្រូវត្រូវបានអនុវត្តតាមអំឡុងពេលធ្វើតេស្តនៅសមុទ្រដែរឬយ៉ាងណា ដោយពន្យារពេលកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពជើងទឹកក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន នៅពេលដែលប្រទេសចិនពង្រីកវត្តមានរបស់ខ្លួននៅក្នុងមហាសមុទ្រឥណ្ឌា។
ការដេញថ្លៃរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះក្នុងការសាងសង់នាវាមុជទឹកដើរដោយប្រេងម៉ាស៊ូតនិងអគ្គិសនីចំនួនប្រាំមួយគ្រឿង ឥឡូវនេះត្រូវបានពន្យារពេលមួយឆ្នាំ ហើយការពន្យារពេលបន្ថែមទៀតត្រូវបានរំពឹងទុក ។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ពីររូបដែលដឹងដោយផ្ទាល់អំពីស្ថានភាពនេះ តែសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែព័ត៌មានមិនអាចលាតត្រដាងជាសាធារណៈ។
ការវិវត្តនេះគឺជាឧបសគ្គបន្ថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការធ្វើឱ្យប្រសើរឡើងនូវយោធារបស់ខ្លួន។ គម្រោងនេះក៏តំណាងឱ្យការសាកល្បងគោលនយោបាយលទ្ធកម្មការពារជាតិថ្មីរបស់នាយករដ្ឋមន្ត្រីNarendra Modi ផងដែរ។
គោលនយោបាយនោះតម្រូវឱ្យក្រុមហ៊ុនផលិតបរទេសធ្វើជាដៃគូ និងផ្តល់ឱ្យក្រុមហ៊ុនក្នុងស្រុកនូវបច្ចេកវិជ្ជាដើម្បីបង្កើតផ្នែករឹងខាងយោធានៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធធំជាងគេលើពិភពលោក។
ក្រុមហ៊ុនផលិតការពារជាតិអាល្លឺម៉ង់ ThyssenKrupp Marine Systems ក្នុងភាពជាដៃគូជាមួយកន្លែងក្រុមហ៊ុនផលិតកប៉ាល់រដ្ឋរបស់ឥណ្ឌា Mazagon Dock Shipbuilders និងអ្នកសាងសង់កប៉ាល់ឯកជន Larsen & Toubro (L&T) ជាមួយ Navantia SA របស់ប្រទេសអេស្ប៉ាញ កំពុងប្រកួតប្រជែងសម្រាប់គម្រោងនេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Mazagon បានធ្លាក់ចុះជាង ២ ភាគរយនៅក្នុងការជួញដូរនៅឥណ្ឌា ដោយបន្តការខាតបង់រហូតដល់ ៤,៤ ភាគរយ បន្ទាប់ពីព័ត៌មាននៃការពន្យារពេលត្រូវបានរាយការណ៍៕(ប្រែសម្រួលដោយ លោកសំណាង)