ពិធីចុះអនុស្សរណៈយោគយល់គ្នា វាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA BANK)

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK)។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យ គ្រឿងអលង្ការ និងត្បូងកម្ពុជា មានភាពងាយស្រួលក្នុងទូទាត់ប្រាក់របស់ ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា និងសមាជិក សមាជិការរបស់សមាគម បានទទួលនូវសិទ្ធិក្នុងការសម្របសម្រួលបើកគណនីធនាគារជាមួយនឹងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ដើម្បីការការពារទូទាត់ប្រាក់របស់ ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា ដោយទំនុកចិត្ត ដូចពាក្យស្លោក(កសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ) របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពោលជូនមកសមាគមក្នុងពិធីជំនួបសម្តែងការគួរសម នៅវិមានសន្តិភាពកន្លងមក។

ជាការឆ្លើយតបរបស់ លោក ASKHAT AZHIKHANOV នាយកប្រតិបត្តិ នៃធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) បានសំដែងនូវកិច្ចស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងថ្ងៃចុះអនុស្សរណៈនៃការយោគយល់គ្នា ក៏ដូចជាការចូលរួមចំណែករបស់សមាគមក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។ លោកបានបន្តទៀតថាលោកគាំទ្រក្នុងការបើកគណនីជូនដល់សមាជិកសមាជិការបស់សមាគមលក្ខណៈជាក្រុមហ៊ុនគ្រឿងអលង្ការ ឬ/និងឯកត្តបុគ្គល។ 

លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ លោកជំទាវប្រធានសមាគម ក្រុមប្រឹក្សាភិបាល សមាគម និងសមាជិកសមាជិការបស់សមាគម ដែលបានផ្តល់សេចក្តីជឿជាក់ និងមានទំនុកចិត្តមកធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) ដោយលោកសន្យាថានឹងខិតខំពង្រឹងសេវាជូនសមាជិកសមាជិការបស់សមាគមឱ្យបានល្អបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *