អ្នកទេសចរបារាំងនិងកូរ៉េខាងត្បូងស្លាប់ដោយសារដើមឈើរលំសង្កត់នៅកោះបាលី

ឥណ្ឌូនេស៊ី​ ៖​ អ្នកទេសចរស្រីពីរនាក់ ម្នាក់មកពីប្រទេសបារាំង និងម្នាក់ទៀតមកពីកូរ៉េខាងត្បូង ត្រូវបានបាត់បង់ជីវិតកាលពីថ្ងៃអង្គារ នៅពេលដែលដើមឈើដ៏ធំមួយបានដួលរលំនៅក្នុងជម្រកសត្វស្វា Sacred Monkey Forest Sanctuary នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែ «ខ្យល់បោកបក់មួយរំពេច និងខ្លាំង»។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងតំបន់ទេសចរណ៍ពេញនិយម ដូចដែលបានរាយការណ៍ដោយកាសែត The Jakarta Globe ។

អ្នកទេសចរកូរ៉េខាងត្បូងម្នាក់ទៀតបានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។

បើតាមវីដេអូដែលថតបានពេលដែលដើមឈើដ៏ធំបានរលំលើផ្លូវដើរបានល្បីពេញបណ្តាញអ៊ីនធឺណេត ដែលបង្ហាញអ្នកទេសចររត់គេចខ្លួនទាំងភ័យស្លន់ស្លោ នៅពេលដែលដើមឈើបានរលំសង្កត់ពីលើ អមដោយភាពចលាចលបន្ទាប់ពីវាបានដួលដល់ដី។

ទីជម្រកសត្វស្វា ដែលមានទីតាំងនៅខេត្ត Ubud គឺជាតំបន់អភិរក្សធម្មជាតិ និងប្រាសាទ ដែលគោរពដោយសហគមន៍បាលីក្នុងតំបន់។ ទីជម្រកនេះគឺជាជម្រករបស់សត្វស្វាជាង ១.២៦០ ក្បាល ហើយទាក់ទាញភ្ញៀវមកពីជុំវិញពិភពលោក។

ដើម្បីឆ្លើយតបទៅនឹងសោកនាដកម្មនេះ ជម្រកសត្វនេះបានប្រកាសបិទជាបណ្តោះអាសន្ននៅថ្ងៃទី ១១ និង ១២ ខែធ្នូឆ្នាំ២០២៤។

នៅក្នុងសារបង្ហោះលើ Instagram អ្នកគ្រប់គ្រងបាននិយាយថា ដើមឈើដែលដួលរលំគឺ «មានសុខភាពល្អ»ហើយបានសន្មតថា ឧបទ្ទវហេតុនេះបង្កដោយ «ខ្យល់បក់ខ្លាំង និងស្ថានភាពប្រែប្រួលអាកាសធាតុខ្លាំងហួសពីការគ្រប់គ្រងរបស់មនុស្ស»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *