ស៊ីរី ៖ នាយករដ្ឋមន្ត្រីអន្តរកាលថ្មីរបស់ស៊ីរីកាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅបាននិយាយថា វាដល់ពេលសម្រាប់ «ស្ថិរភាពនិងភាពស្ងប់ស្ងាត់»ក្នុងប្រទេសហើយ ពោលគឺពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីចាស់វស្សា បាសា អាល់អាសាដ (Bashar al-Assad) ត្រូវបានក្រុមឧទ្ទាមផ្តួលរំលំក្នុងការវាយលុកដូចភ្លេចបន្ទោរ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ពួកឧទ្ទាមបានតែងតាំងលោក Mohammad al-Bashir ជាប្រមុខរដ្ឋាភិបាលអន្តរកាល ដើម្បីគ្រប់គ្រងប្រទេសរហូតដល់ថ្ងៃទី ១ ខែមីនាឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យប្រទេសទាំងអស់គាំទ្រដំណើរការនយោបាយ«បរិយាប័ន្ន»នៅក្នុងប្រទេសស៊ីរី ដោយនិយាយថា ទីបំផុតសហរដ្ឋអាមេរិកនឹងទទួលស្គាល់រដ្ឋាភិបាលមួយប្រសិនបើវាបំពេញតាមស្តង់ដារបែបនេះ។
លោក Bashir បានប្រាប់ទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ចាប់តាំងពីត្រូវបានតែងតាំង ថា «ឥឡូវនេះវាដល់ពេលហើយសម្រាប់ប្រជាជនដើម្បីរីករាយនឹងស្ថិរភាព និងភាពស្ងប់ស្ងាត់»។
មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ទូរទស្សន៍ NBC របស់អាមេរិកថា លោក Assad ស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីគាត់បានភៀសខ្លួនចេញពីប្រទេសស៊ីរី ខណៈដែលសម្ព័ន្ធមិត្តឧទ្ទាមដឹកនាំដោយអ៊ីស្លាមនិយម បានវាយលុកចូលក្រុងដាម៉ាស់កាលពីថ្ងៃទី ៨ ខែធ្នូ ដោយបញ្ចប់ការគ្រប់គ្រងដ៏ឃោរឃៅរយៈពេលប្រាំទសវត្សរ៍ដោយត្រកូលរបស់គាត់។
លោក Abu Mohammed al-Jolani មេដឹកនាំអ៊ីស្លាមនិយមដែលដឹកនាំការវាយលុករបស់ពួកឧទ្ទាមបានប្រកាសការពិភាក្សាអំពីការផ្ទេរអំណាច និងបានប្តេជ្ញាបន្តតាមរកអតីតមន្ត្រីជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម។
ក្រុមរបស់គាត់ Hayat Tahrir al-Sham ឬ HTS មានឫសគល់នៅក្នុងសាខា Al-Qaeda របស់ប្រទេសស៊ីរី ហើយត្រូវបានចាត់ចែងដោយរដ្ឋាភិបាលលោកខាងលិចជាច្រើនថាជាអង្គការភេរវករ ទោះបីជាខ្លួនបានព្យាយាមសម្របសម្រួលរូបភាពរបស់ខ្លួនក៏ដោយ៕(ប្រែសម្រួលដោយ លោកសំណាង)