ក្រុងហូជីមិញផ្តល់រង្វាន់ ១២០ ដុល្លារសម្រាប់ស្ត្រីណាដែលមានកូន២ មុនអាយុ៣៥ឆ្នាំដើម្បីបង្កើនចំនួនមនុស្សក្នុងប្រទេស

វៀតណាម ៖ ទីក្រុងហូជីមិញកំពុងដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់រង្វាន់ចំនួន ៣ លានដុង (ប្រហែល ១២០ដុល្លារអាមេរិក) ដល់ស្ត្រីណាដែលមានកូនពីរនាក់មុនអាយុ ៣៥ ឆ្នាំ ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើតទាបរបស់ទីក្រុង និងកំណើនប្រជាជនយឺត។

គំនិតផ្តួចផ្តើម ដែលបានរៀបរាប់លម្អិតនៅក្នុងសំណើរបស់គណៈកម្មាធិការប្រជាជន ក៏រួមបញ្ចូលផងដែរនូវការគាំទ្រការពិនិត្យមុនពេលសម្រាល និងទារកសម្រាប់គ្រួសារដែលមានចំណូលទាប។ គោលនយោបាយនេះកើតឡើងនៅពេលដែលទីក្រុងប្រឈមមុខនឹងអត្រាមានកូនត្រឹមតែ ១,៣២ នាក់ក្នុងស្ត្រីម្នាក់ក្នុងឆ្នាំ ២០២៣ ដែលទាបជាងកម្រិតជំនួស ២,១។

ទីក្រុងហូជីមិញក៏នឹងផ្តល់ប្រាក់ចំនួន ២ លានដុងសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកទើបនឹងកើតមកពីគ្រួសារក្រីក្រ ឬកៀកក្រីក្រ អ្នកទទួលការគាំពារសង្គម ឬអ្នកដែលរស់នៅក្នុងឃុំតាមបណ្តាកោះផងដែរ។

សម្រាប់សហគមន៍ ទីក្រុងស្នើផ្តល់រង្វាន់ដល់គណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ជាមួយនឹងវិញ្ញាបនបត្រថ្លែងអំណរគុណ និងប្រាក់៣០លានដុង ប្រសិនបើយ៉ាងហោចណាស់ ៦០% នៃគូស្វាមីភរិយាដែលកំពុងស្ថិតក្នុងវ័យបង្កកំណើត មានកូនពីរនាក់។ តំបន់ដែលរក្សាអត្រានេះថេរក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នានឹងទទួលបាន ៦០ លានដុង។

ហូជីមិញគឺជាតំបន់មួយក្នុងចំណោម ២១ ក្នុងប្រទេសវៀតណាម ដែលមានអត្រាកំណើតទាប ជាមួយនឹងកំណើនប្រជាជនត្រឹមតែ ០,៧៣% ក្នុងឆ្នាំ ២០២៣។ អាជ្ញាធរក្រុងព្រមានថា អត្រាមានកូនទាបដែលអូសបន្លាយយូរអាចនាំឱ្យមានការចាស់ឆាប់រហ័ស កង្វះកម្លាំងពលកម្ម និងបញ្ហាប្រឈមផ្នែកសុខុមាលភាពសង្គម៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *