បរទេស ៖ ប្រភពពីវិមានក្រឹមឡាំងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីកាលពីថ្ងៃទី ៨ ខែធ្នូឆ្នាំ២០២៤ថា អតីតប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូជាមួយគ្រួសាររបស់គាត់ បន្ទាប់ពីរុស្ស៊ីបានផ្តល់សិទ្ធិជ្រកកោនឱ្យពួកគេ ក្រោមហេតុផលមនុស្សធម៌ ហើយកិច្ចព្រមព្រៀងមួយបានធ្វើឡើងដើម្បីធានាសុវត្ថិភាពនៃមូលដ្ឋានយោធារុស្ស៊ី។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយមុននេះថា លោកអាសាដបានចាកចេញពីប្រទេសស៊ីរី និងបញ្ជាឱ្យផ្ទេរអំណាចដោយសន្តិវិធី បន្ទាប់ពីក្រុមឧទ្ទាមបានសម្រុកចូលទីក្រុងដាម៉ាស់ ដោយមិនមានការប្រឆាំងកាលពីថ្ងៃទី ៨ ខែធ្នូ ដោយបញ្ចប់ការគ្រប់គ្រងដោយកណ្តាប់ដៃដែករបស់គ្រួសារលោកជិតប្រាំមួយទសវត្សរ៍។
ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់វិមានក្រឹមឡាំងថា «ប្រធានាធិបតីស៊ីរីអាសាដ និងសមាជិកនៃគ្រួសាររបស់គាត់បានមកដល់ទីក្រុងមូស្គូ។ រុស្ស៊ីបានផ្តល់សិទ្ធិជ្រកកោនដល់ពួកគេដោយហេតុផលមនុស្សធម៌»។
ទីភ្នាក់ងារនេះបានដកស្រង់ប្រភពដដែលដោយនិយាយថា រុស្ស៊ីគាំទ្រដំណោះស្រាយនយោបាយចំពោះវិបត្តិនៅក្នុងប្រទេសស៊ីរី កន្លែងដែលរដ្ឋាភិបាលក្រុងមូស្គូបានគាំទ្រលោក អាសាដ ក្នុងអំឡុងសង្គ្រាមស៊ីវិលដ៏យូររបស់ប្រទេសនេះ។
ប្រភពបាននិយាយថា ការចរចាគួរតែត្រូវបានបន្តឡើងវិញក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។
លោក Mikhail Ulyanov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន បាននិយាយនៅលើបណ្តាញផ្ញើសារ Telegram របស់គាត់ថា «ព័ត៌មានទាន់ហេតុការណ៍! បាសា អាល់អាសាដ និងគ្រួសាររបស់គាត់នៅទីក្រុងមូស្គូ។ រុស្ស៊ីមិនក្បត់មិត្តក្នុងស្ថានភាពលំបាកទេ»។
ប្រភពនានាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា មេដឹកនាំប្រឆាំងស៊ីរីបានយល់ព្រមធានាសុវត្ថិភាពនៃមូលដ្ឋានយោធារុស្ស៊ី និងស្ថាប័នការទូតនៅក្នុងប្រទេសស៊ីរី៕(ប្រែសម្រួលដោយ លោកសំណាង)