រដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Nvidia ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ

វៀតណាម ៖ នាយករដ្ឋមន្ត្រី Pham Minh Chinh , ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang កាលពីថ្ងៃព្រហស្បតិ៍បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅប្រទេសវៀតណាម។

ក្នុងជំនួបពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រី Chinh បានថ្លែងអំណរគុណដល់លោក Jensen Huang ដែលបាននាំមកនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះភាពជាដៃគូរវាង Nvidia និងវៀតណាមដោយកោតសរសើរនាយកប្រតិបត្តិចំពោះការដឹកនាំប្រកបដោយបញ្ញា និងតួនាទីសម្រេចចិត្តមោះមុតរបស់គាត់ក្នុងការបង្កើតការប្តេជ្ញាចិត្តរបស់ Nvidia ក្នុងការប្រែក្លាយវៀតណាមទៅជា «ផ្ទះទីពីរ»របស់ខ្លួន។

នាយករដ្ឋមន្រ្តីបាននិយាយថា «យើងបានជួបគ្នាបីដងក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ ដែលនេះបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពស្មោះត្រង់ និងការសហការគ្នា»។

នាយករដ្ឋមន្ត្រី Chinh បានទទួលស្គាល់ការរួមចំណែករបស់ក្រុមហ៊ុន Nvidia និងលោក Jensen Huang ខ្លួនគាត់ផ្ទាល់ចំពោះការអភិវឌ្ឍរបស់វៀតណាម ជាពិសេសក្នុងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិជ្ជា និង AI ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ 

លោកបានលើកទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមទៀត ដោយជំរុញឱ្យ Nvidia ពង្រីកជំនាញរបស់ខ្លួនទៅកាន់វិស័យសំខាន់ៗដូចជា ការអភិវឌ្ឍ AI ការផ្ទេរបច្ចេកវិជ្ជា ហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍធនធានមនុស្ស។

លោកក៏បានអំពាវនាវឱ្យ Nvidia សហការជាមួយ និងគាំទ្រវៀតណាមក្នុងវិស័យនានាដូចជា ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ Cloud Computing អ៊ីនធឺណិតនៃអ្វីៗគ្រប់យ៉ាង (Internet of Things) ក៏ដូចជាការរុករកទីអវកាស និងបច្ចេកវិជ្ជាសមុទ្រ។ 

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបំផុសចលនាសហគ្រិននៅវៀតណាម និងការលើកកម្ពស់ការច្នៃប្រឌិតនិង AI ខណៈដែលប្រទេសនេះស្វែងរកការបំពេញនូវចក្ខុវិស័យនៃភាពរុងរឿងរបស់ប្រទេសជាតិ និងសុភមង្គលសម្រាប់ប្រជាជនរបស់ខ្លួន។

លោកបានធានាចំពោះ Nvidia ពីការបន្តការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងគោលការណ៍នៃផលប្រយោជន៍រួម និងហានិភ័យរួម។

ចំណែកលោក Jensen Huang បាននិយាយថា វៀតណាមមានសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងការអភិវឌ្ឍ AI ដែលត្រូវបានអនុវត្តកាន់តែខ្លាំងឡើងក្នុងវិស័យសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

អរគុណនាយករដ្ឋមន្ត្រី Chinh សម្រាប់ចក្ខុវិស័យ និងការលើកទឹកចិត្តរបស់គាត់ លោក Huang បាននិយាយថា គាត់និងក្រុមហ៊ុនរបស់គាត់បានប្តេជ្ញាចិត្តជានិច្ចជាមិត្ត និងជាដៃគូរបស់វៀតណាមក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *