វៀតណាម ៖ រដ្ឋាភិបាលប្រទេសវៀតណាមគ្រោងនឹងកាត់បន្ថយក្រសួងចំនួនប្រាំ ហើយរដ្ឋសភានឹងកាត់បន្ថយគណៈកម្មាធិការចំនួនបួន ដែលជាផ្នែកមួយនៃការរុះរើផ្នែករដ្ឋបាលដ៏ធំ ។ នេះបើយោងតាមមន្ត្រីកំពូលរបស់បក្សកុម្មុយនីស្តម្នាក់។
ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទ ដែលរៀបចំឡើងដោយការិយាល័យនយោបាយ និងលេខាធិការដ្ឋានរបស់បក្សកាលពីថ្ងៃទី ១ ខែធ្នូ ដើម្បីពិភាក្សាអំពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១២ ពិនិត្យស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២៤ និងស្នើដំណោះស្រាយដើម្បីពន្លឿនការអភិវឌ្ឍក្នុងឆ្នាំ ២០២៥ ខណៈដោះស្រាយការជាប់គាំងរបស់ស្ថាប័ន។
លោក Le Minh Hung ប្រធានគណៈកម្មាធិការមជ្ឈិមបក្សបាននិយាយថា «រដ្ឋាភិបាលនឹងពិនិត្យមើលសំណើនានាដើម្បីបញ្ចូលគ្នា ឬលុបបំបាត់ក្រសួង ស្ថាប័នរដ្ឋមួយចំនួន និងស្ថាប័នរដ្ឋាភិបាលដទៃទៀត»។
តាមសំណើ ក្រសួងផែនការ និងវិនិយោគនឹងបញ្ចូលគ្នាជាមួយក្រសួងហិរញ្ញវត្ថុ ក្រសួងដឹកជញ្ជូននឹងរួមបញ្ចូលជាមួយនឹងក្រសួងសំណង់ ក្រសួងព័ត៌មាន និងទំនាក់ទំនងនឹងបញ្ចូលគ្នាជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាដើម្បីគ្រប់គ្រងការផ្លាស់ប្តូរផ្នែកឌីជីថល និង ទំនួលខុសត្រូវរបស់រដ្ឋទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ខណៈផ្ទេរភារកិច្ចមួយចំនួនទៅក្រសួងផ្សេងទៀត។
លោក Hung និយាយថា ក្រសួងធនធានធម្មជាតិ និងបរិស្ថាននឹងបញ្ចូលគ្នាជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទដោយភារកិច្ចមួយចំនួនត្រូវប្រគល់ឱ្យភ្នាក់ងារផ្សេងទៀត ។ ចំណែកក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចនឹងត្រូវរំលាយចោល ដោយត្រូវផ្ទេរភារកិច្ចទៅឱ្យក្រសួងដទៃទៀត។
គណៈកម្មាធិការគ្រប់គ្រងមូលធនរដ្ឋនឹងត្រូវរំលាយ ហើយមុខងាររបស់វានឹងផ្លាស់ទីទៅក្រសួងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ។ គណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុជាតិក៏នឹងឈប់ដំណើរការផងដែរ ដោយការទទួលខុសត្រូវត្រូវប្រគល់ឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគាររដ្ឋវៀតណាម។ គណៈកម្មាធិការកិច្ចការសាសនានឹងត្រូវបញ្ចូលទៅក្នុងគណៈកម្មាធិការកិច្ចការជនជាតិភាគតិច ដោយបង្កើតគណៈកម្មាធិការជាតិនិងសាសនាថ្មីមួយវិញ។
រដ្ឋាភិបាលក៏គ្រោងនឹងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបណ្ឌិត្យសភាវិទ្យាសាស្ត្រចំនួនពីរ និងសាកលវិទ្យាល័យជាតិចំនួនពីរនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីកែលម្អសមត្ថភាពស្រាវជ្រាវ និងការបណ្តុះបណ្តាលរបស់ខ្លួន។ការរួមបញ្ចូលគ្នាបន្ថែមទៀតនឹងរួមបញ្ចូលបណ្ឌិត្យសភាជាតិរដ្ឋបាលសាធារណៈ និងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ។
គំរូនៃអគ្គនាយកដ្ឋានក្រោមក្រសួងនានាក៏នឹងត្រូវបានពិនិត្យឡើងវិញសម្រាប់លទ្ធភាពរំលាយចោលផងដែរ ដោយចាប់ផ្តើមពីភ្នាក់ងារសំខាន់ៗដូចជារតនាគាររដ្ឋ អគ្គនាយកដ្ឋានពន្ធដារ និងធានារ៉ាប់រងសង្គមវៀតណាម។
ស្ថាប័នសារព័ត៌មានដូចជា ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទូរទស្សន៍ VOV និងទូរទស្សន៍ VTC នឹងឈប់ដំណើរការ ដោយមុខងាររបស់ពួកគេត្រូវផ្ទេរទៅឱ្យទូរទស្សន៍វៀតណាម (VTV)៕(ប្រែសម្រួលដោយ លោកសំណាង)