សមាជិកបក្សប្រជាធិបតេយ្យរិះគន់លោកបៃដិនយ៉ាងចាស់ដៃ រឿងលើកលែងទោស ឱ្យកូនប្រុសរបស់លោក

ស.រ.អា ៖ សមាជិកគណបក្សប្រជាធិបតេយ្យជាច្រើននៅក្នុងសភាបាននិយាយកាលពីថ្ងៃទី ២ ខែធ្នូឆ្នាំ២០២៤ប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងការចេញការលើកលែងទោសយ៉ាងទូលំទូលាយដល់កូនប្រុសរបស់គាត់គឺ ហាន់ធឺ បៃដិន (Hunter Biden) ដោយរិះគន់សកម្មភាពនេះថា ជាសកម្មភាពមួយដែលនឹងធ្វើឱ្យបាត់បង់ជំនឿរបស់ប្រជាជនអាមេរិកទៅលើលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យ ជាពិសេសអ្នកវឌ្ឍនភាពនិយម បានការពារចំណាត់ការរបស់លោកបៃដិនជាសកម្មភាពត្រឹមត្រូវរបស់ឪពុកដែលមានការព្រួយបារម្ភខ្លាចថាប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ អាចនឹងបំពានអំណាចរបស់គាត់ដើម្បីអនុវត្តការគំរាមកំហែងរបស់គាត់ដើម្បីស្វែងរកការសងសឹកប្រឆាំងនឹងគូប្រជែងរបស់គាត់។ 

ប៉ុន្តែសមាជិកផ្សេងទៀត ជាពិសេសសមាជិកសភាកណ្តាលមធ្យម បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីក្នុងការលើកលែងទោសលោក ហាន់ធឺ បៃដិន ដែលគាត់បានប្តេជ្ញាម្តងហើយម្តងទៀតថាគាត់នឹងមិនលូកដៃជួយនោះនឹងធ្វើឱ្យខូចខាតដល់បទដ្ឋានប្រជាធិបតេយ្យបន្ថែមទៀត។

តំណាងរាស្ត្រលោក Jason Crow នៃរដ្ឋ Colorado បាននិយាយអំពីប្រធានាធិបតីនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំមានការខកចិត្តដែលនេះជាការសម្រេចចិត្តដែលគាត់បានធ្វើនៅទីនេះ។ គាត់បានសន្យាថាគាត់នឹងមិនធ្វើរឿងបែបនេះទេ។ ខ្ញុំ​គិត​ថា វា​នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​ពិបាក​ទៅ​មុខ នៅ​ពេល​យើង​និយាយ​អំពី​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ»។

តំណាងរាស្ត្រ លោកស្រី Marie Gluesenkamp Perez នៃរដ្ឋវ៉ាស៊ីនតោន បាននិយាយថា ចំណាត់ការរបស់ប្រធានាធិបតីបានផ្តល់ភស្តុតាងនៃប្រព័ន្ធយុត្តិធម៌ពីរជាន់ ដែលប្រព្រឹត្តចំពោះអ្នកមាន និងអ្នកមានអំណាចខាងនយោបាយខុសពីប្រជាជនអាមេរិកសាមញ្ញ។ លោកស្រីបានសរសេរនៅលើបណ្តាញសង្គមថា «ប្រធានាធិបតីបានធ្វើការសម្រេចចិត្តខុស។ គ្មាន​គ្រួសារ​ណា​គួរ​នៅ​ពី​លើ​ច្បាប់​នោះ​ទេ​»។

នៅក្នុងសារបង្ហោះផ្ទាល់ខ្លួនរបស់គាត់នៅលើបណ្តាញសង្គម ព្រឹទ្ធសមាជិកលោក Michael Bennet នៃរដ្ឋColorado បាននិយាយថា «ការសម្រេចចិត្តរបស់លោកបៃដិនបានដាក់ផលប្រយោជន៍ផ្ទាល់ខ្លួននៅចំពោះមុខកាតព្វកិច្ច ហើយថែមទាំងបំផ្លាញជំនឿរបស់ប្រជាជនអាមេរិកដែលថាប្រព័ន្ធយុត្តិធម៌មានភាពយុត្តិធម៌ និងស្មើភាពសម្រាប់ទាំងអស់គ្នា»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *