ជប៉ុន ៖ ក្រុមហ៊ុនផលិតរថយន្តយក្ស Nissan កំពុងរកកល់នឹងដួលរលំ ដោយសល់ពេលរស់ត្រឹម ១២ ខែទៀតប៉ុណ្ណោះ។
ក្រុមហ៊ុនរថយន្តជប៉ុន ដែលជួលមនុស្ស ៧.០០០ នាក់នៅចក្រភពអង់គ្លេស និង ១៧.០០០ នាក់នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមកម្មវិធីកាត់បន្ថយការចំណាយដ៏ធំបន្ទាប់ពីទទួលរងការខាតបង់យ៉ាងខ្លាំង។
Nissan បាននិយាយកាលពីខែមុនថា ខ្លួននឹងកាត់បន្ថយការងារចំនួន ៩.០០០ និង ២០ ភាគរយនៃសមត្ថភាពផលិតជាសកលរបស់ខ្លួន ខណៈដែលខ្លួនកំពុងព្យាយាមកាត់បន្ថយការចំណាយចំនួន ២,៦ ពាន់លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នចំពេលមានការធ្លាក់ចុះការលក់នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតទាំងពីររបស់ខ្លួន។
នាយកប្រតិបត្តិ Makoto Uchida បានទទួលយកការកាត់បន្ថយប្រាក់ខែ ៥០ ភាគរយ ហើយឥឡូវនេះតាមការរាយការណ៍បានឱ្យដឹងថា ប្រធានហិរញ្ញវត្ថុ Stephen Ma ត្រៀមចុះចេញពីតំណែងហើយ។
ប៉ុន្តែអ្នកខាងក្នុងមានការបារម្ភថា ចំណាត់ការនេះមិនគ្រប់គ្រាន់ទេ ខណៈដែល Nissan ជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយគូប្រជែងដែលបានឈានទៅមុខកាន់តែជោគជ័យជាមួយនឹងរថយន្ត Hybrid ដ៏ពេញនិយម។
ការព្រមាននេះកើតឡើងនៅពេលដែលកិច្ចព្រមព្រៀងយុទ្ធសាស្ត្រដែលបានចុះហត្ថលេខាជាមួយដៃគូប្រកួតប្រជែងMitsubishi និង Renault កាលពីឆ្នាំ ១៩៩៩ ដែលគ្របដណ្តប់ទីផ្សារអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិក អាចនឹងត្រូវបញ្ចប់។
«មន្ត្រីជាន់ខ្ពស់»អនាមិកពីរនាក់នៅក្រុមហ៊ុន Nissan ត្រូវបានដកស្រង់ដោយកាសែត Financial Times ដោយនិយាយថា ឥឡូវនេះក្រុមហ៊ុន Renault កំពុងសម្លឹងកាត់បន្ថយភាគហ៊ុនហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងក្រុមហ៊ុន Nissan ។
ការណ៍នេះនឹងរុញឱ្យក្រុមហ៊ុន Nissan សុំការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលជប៉ុន ឬសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ដើម្បីបន្តដំណើរការអាជីវកម្ម។
ក្រុមហ៊ុនប្រថុយនឹងការឡើងបំណុលដ៏ធំបំផុតមិនធ្លាប់មាននៅឆ្នាំ ២០២៦ ដែលអាចជំពាក់បំណុលរហូតដល់ទៅ ៥,៦ពាន់លានដុល្លារ។
ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៣,៨ ភាគរយមកនៅត្រឹម ១,៥៩ លានគ្រឿងនៅក្នុងឆមាសទីមួយនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ដែលភាគច្រើនត្រូវបានជំរុញដោយការធ្លាក់ចុះការលក់ ១៤,៣ ភាគរយនៅក្នុងប្រទេសចិន។
Nissan មានបុគ្គលិកប្រហែល ៧.០០០ នាក់នៅក្នុងចក្រភពអង់គ្លេស រួមទាំង ៦.០០០ នាក់ នៅឯរោងចក្រផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសនៅ Sunderland ។
វេបសាយ Financial Times បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់នៅ Nissan ថា «យើងមានពេល ១២ ឬ ១៤ ខែដើម្បីរស់។ នេះពិតជាលំបាក។ ហើយនៅទីបញ្ចប់ យើងត្រូវការប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីបង្កើតសាច់ប្រាក់»។
ប្រធានផ្នែកផលិតរថយន្ត Nissan លោក Hideyuki Sakamoto ធ្លាប់បានប្រាប់សន្និសីទសារព័ត៌មានកាលពីដើមខែមុនថា «នៅទូទាំងពិភពលោក បច្ចុប្បន្នយើងមានខ្សែសង្វាក់ផលិតកម្មរថយន្តចំនួន ២៥។ ផែនការបច្ចុប្បន្នរបស់យើងគឺកាត់បន្ថយសមត្ថភាពប្រតិបត្តិការអតិបរមា ២០ ភាគរយនៃខ្សែសង្វាក់ទាំង ២៥»។
«វិធីសាស្រ្តជាក់លាក់មួយសម្រាប់រឿងនេះគឺត្រូវផ្លាស់ប្តូរល្បឿនផលិត និងផ្លាស់ប្តូរលំនាំ នោះជានឹងនាំឱ្យបង្កើនប្រសិទ្ធភាពនៃបុគ្គលិកប្រតិបត្តិការ»។
ហើយនាយកប្រតិបត្តិលោក Uchida បានប្រាប់អ្នកយកព័ត៌មានថា «នេះគឺជាមេរៀនមួយ ហើយយើងមិនអាចដេញតាមទាន់ពេលវេលាទេ។ យើងមិនអាចទាយទុកមុនបានថា រថយន្តអគ្គិសនីកូនកាត់ និងរថយន្តចាក់សាំងកូនកាត់ នឹងមានការពេញនិយមខ្លាំងបែបនេះទេ៕(ប្រែសម្រួលដោយ លោកសំណាង)