ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ក្នុងចំណោម០៨នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន និងរកឃើញវត្ថុតាងមួយចំនួន ពាក់ពន្ធករណីបង្ខាំងមនុស្ស និងចាប់ជំរិតទាប្រាក់ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល១១យប់ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឱ្យដឹងថាក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ដោយមានការចូលរួមសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ មានជនជាតិចិនមានគ្នាចំនួន៤-៥នាក់ ជិះរថយន្ត០១គ្រឿងម៉ាកAlpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។
បន្ទាប់ពីស្រាវជ្រាវ អស់ជាច្រើនថ្ងៃ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖ទី១.ឈ្មោះ GU GUOJUN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។ទី២.ឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចនៅជិតវត្តជម្លង់ម្លូរ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ និងរកឃើញវត្ថុតាង ពាក់ព័ន្ធមួយចំនួនធំផងដែរ។
ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណី បង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើគឺមានចំនួន០៨នាក់ហើយសមត្ថកិច្ចបានបន្តនិតិវិធីស្រាវជ្រាវតាមចាប់ បក្ខពួករហូតបិទបញ្ចប់ករណី នៅល្ងាចថ្ងៃទី១ ខែធ្នូ ២០២៤ នេះ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕