ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូស្កូពីមួយគ្រឿងឌុបគ្នាលឿន ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាជករុលបុករថយន្តម៉ាកព្រូសពេញទំហឹងបណ្តាលឱ្យម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់ម្នាក់ត្រូវបញ្ចូនទៅសង្គ្រោះ កើតឡើងនៅវេលាម៉ោង៥និង៤០ នាទីព្រឹក ថ្ងៃទី ១ ធ្នូ ឆ្នាំ២០២៤ ផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងការពារជាតិ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពបានឱ្យដឹងថា យុវជនទាំង២នាក់មានវ័យជាង២០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខតាកែវ1O-7197 ម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់រងរបួសធ្ងន់បញ្ចូលទៅមន្ទីរពេទ្យ ។យុវជនរងគ្រោះទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើង។
បើតាមសាក្សពីប្រជាពលរដ្ឋដែលដើរ ហាត់ប្រាណនៅចំណុចកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញយុវជន២នាក់ខាងលើជិះម៉ូតូស្កូពីពណ៌ស ឌុបគ្នាយ៉ាងលឿន ទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្រ្ចាស់ទិសចរាចរណ៍ តាមផ្លូវសហព័ន្ធរុស្ស៊ី។
សាក្សីបន្តថា យុវជន២នាក់នេះ ជិះម៉ូតូបញ្រ្ចាស់ទិសតាំងពីស្តុបក្តាន់២មករហូត ក៏ជ្រុលទៅបុករថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3958 បើកបរដោយបុរសម្នាក់ ជាលក្ខណៈគ្រួសារ ក្នុងទិសដៅពីលិចទៅកើតលឿនល្មម បុកចំពីមុខពេញទំហឹង បណ្តាលឱ្យបាត់ជីវិតម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែក សពរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្វែងរកក្រុមគ្រួសារ ដើម្បីប្រគល់សពជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ សំណាង)