ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៦៧៩ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទ មានចំនួន២នាក់ គឺ ១.ឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី អាយុ ៥៤ឆ្នាំ និង២.ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ភេទស្រី អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់។
សេចក្ដីប្រកាសព័ត៌មានបានបង្ហាញទៀតថា ក្នុងសំណុំរឿងនេះជនត្រូវចោទចំនួន២នាក់ទៀត គឺ ១.ឈ្មោះ មួង ឃឹម ភេទប្រុស អាយុ ៦១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា ដំណើររឿងដែលនាំឱ្យមានការ ចោទប្រកាន់នេះ គឺឈ្មោះ ឆាយ សុវណ្ណារី បានពឹងពាក់ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ដោយបានយកប្រាក់ ចំនួន ៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារ ទៅឱ្យឈ្មោះ មួង ឃឹម និងឈ្មោះ លី សាម៉េត ដោយមានចេតនា ដើម្បីសូកប៉ាន់ក្នុងគោលបំណងឱ្យកូនប្រុសចូលធ្វើជាមន្ត្រីគយ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ឆាយ សុវណ្ណារី និងឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕