រថយន្តធុនធំដាក់អីវ៉ាន់លើសទ្រុង កៀរស្លាកប៉ាណូទទឹងផ្លូវ របួសកម្មករ២នាក់

ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង ដឹកអីវ៉ាន់ហៀរលើសទ្រុង គ្មានសណ្តាប់ធ្នាប់ មានទាំងកម្មករជិះពីលើទៀត បើកមិនប្រុងប្រយ័ត្ន កៀរស្លាកប៉ាណូទទឹងផ្លូវ បណ្តាលឱ្យធ្លាក់កម្មករ២នាក់បែកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

បន្ទាប់មករថយន្តដាក់កម្មករចុះ បើករត់គេចចេញពីកន្លែងកើតហេតុរហូតដល់រង្វង់មូលគល់ស្ពានអាកាសជម្ពូវ័ន ក្បែររោងចក្របឺរី ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ទើបឈប់ចតស្ងៀម ។

រថយន្តជួបគ្រោះថ្នាក់ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-3831 អូសសណ្តោងរ៉ឺម៉ក ទ្រុងពាក់ស្លាកលេខ ភ្នំពេញ 4A-8491 ដឹកអីវ៉ាន់ ឆាកវេទិកា ហៀរលើសទ្រុង ដឹកកម្មករ រួមទាំងអ្នកបើកបរម្នាក់ផង សរុបចំនួន១០នាក់ របួសធ្ងន់២នាក់ ។

តាមប្រភពបានឱ្យដឹងថា ដំបូងរថយន្តដឹកអីវ៉ាន់ហៀរលើសទ្រុង គ្មានសណ្តាប់ធ្នាប់ ហើយមានកម្មករអង្គុយពីលើចំនួន៨នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងដល់ចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្នដឹកខ្ពស់ពេក ក៏កៀរនឹងស្លាកប៉ាណូ នៅកាត់ទទឹងផ្លូវ បណ្តាលឱ្យកម្មករជិះពីលើចំនួន២នាក់រងរបួសធ្ងន់ បែករយះក្បាល ។

ជនរងគ្រោះ២នាក់រួមមាន ទី១-ឈ្មោះ ភេ ផាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករតម្លើងឆាក មានទីលំនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និងទី២ ឈ្មោះ ចិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ជន្លា ស្រុកស្អាង ខេត្តកណ្តាល រងរបួសបែកក្បាលធ្ងន់ធ្ងរ ។

ក្រោយកើតហេតុរថយន្តមិនបានឈប់ទេ បើកចូលតាមផ្លូវលំ ដល់កន្លែងស្ងាត់ ទើបនាំគ្នាដាក់ជនរងគ្រោះចុះ ផ្អើលពលរដ្ឋជួយហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ,ឯរថយន្តបានឱ្យកម្មករចុះអស់ រួចបន្តបើកគេចតាមផ្លូវក្រវាត់ក្រុងទី៣ ទៅឈប់ចតនៅក្បែររង្វង់មូលគល់ស្ពានអាកាសជម្ពូវ័នភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ តែមានពលរដ្ឋដេញតាមឃ្លាំមើល បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីឃាត់សួរនាំ ។

បើតាមក្រុមកម្មករដែលចុះតាមផ្លូវបានឱ្យដឹងថា ក្រុមគាត់មានគ្នា១០នាក់ ត្រូវបានថៅកែឱ្យដឹកឆាកសម្រាប់តម្លើងវេទិកា ចេញពីភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅខេត្តសៀមរាប ទើបបើកដល់ចំណុចខាងលើជួបគ្រោះថ្នាក់តែម្តង ៕ (ដោយ BBN19 ពិសី)

Leave a Reply

Your email address will not be published. Required fields are marked *