ភ្នំពេញ ៖ ឆេះឃ្លាំងស្តុកក្រដាសសែនចូលឆ្នាំចិន សែនក្បាលទឹក សែនផ្នូរ និងគ្រឿងជ័រ មួយឃ្លាំងអស់ទាំងស្រុងផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋ ក្នុងមូលដ្ឋានកើតឡើង នាវេលាម៉ោង ០៣ និង ២៥នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ នៅចំណុចផ្ទះលក់ក្រដាសសែនយីហោ«លី ប៉េងស្រ៊ុន» នៅតាមបណ្តោយផ្លូវលេខ៣៦៣កែងផ្លូវលេខ៦៣៨ ក្រុម១៣ ខាងក្រោយមន្ទីរពេទ្យបង្អែកច្បារអំពៅ ភូមិព្រែក សង្កាត់ច្បារ អំពៅទី១ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះលេង សម្ជស្ស ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ក្រដាសសែន ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ទីតាំងដែលឆេះសង់អំពីដែកប្រក់ស័ង្កសី មានទំហំ២០គុណនឹង២០ម៉ែត្រ បណ្តាលឱ្យឆេះទាំងស្រុង ,របួសអ្នកស្ម័គ្តចិត្តម្នាក់ និងឆេះអស់ម៉ូតូមួយគ្រឿង ។ មូលហេតុឆេះឆ្លងចរន្តអគ្គិសនី ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញមានផ្សែងខ្មៅហុយខ្មួលខ្មាញ់លាយឡំអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ។ ភ្លាមៗនោះពលរដ្ឋបាននាំគ្នាជួយយកទុយោទឹក មកជួយបាញ់ដែរប៉ុន្តែដោយសារឃ្លាំងកើតហេតុខាងលើសម្បូរទៅដោយក្រដាសសែនជាហេតុធ្វើឱ្យមិនអាចទប់ស្កាត់បាន ទើបអណ្តាតភ្លើងលេបត្របាក់ឆក់យកឃ្លាំងខាងលើទាំងស្រុងតែម្តង ។
ក្នុងហេតុការណ៍នេះ ក៏មានវត្តមាន លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមនឹងមន្រ្តីក្រោមឱវាទបានចុះមកដល់ទីតាំងឆេះខាងលើ និងបញ្ជាដឹកនាំក្នុងការធ្វើអន្តរាគមន៍ ពន្លត់ភ្លើង ។
អគ្គិភ័យនេះបានឆាបឆេះឃ្លាំងស្តុកក្រដាសសែនចំនួន០១ឃ្លាំងទាំងស្រុង រួមនឹងសម្ភារគ្រឿងជ័រមួយចំនួនធំ ។ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណ្ឌ និង ឡានឯកជនចំនួន២៨គ្រឿង ប្រើប្រាស់ទឹកអស់៦៣ឡាន បាញ់ពន្លត់រហូតរលត់ជាស្ថាពរ នៅវេលាម៉ោង៥កន្លះល្ងាចថ្ហៃដដែល៕(ដោយ សំណាង,រាយការណ៍បន្ថែមដោយSAKARA)