ភ្នំពេញ ៖ មន្ត្រីរាជការនៅមូលដ្ឋានខណ្ឌ៧មករា រួមមានថ្នាក់សង្កាត់ ប្រធានភូមិ អនុភូមិនិងសមាជិកភូមិ បានទទួលបានបណ្ឌ បសស សម្រាប់ពិនិត្យសុខភាពនិងព្យាបាលជំងឺផ្ទាល់ខ្លួន ដោយឥតគិតថ្លៃ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិ សមធម៌សុខាភិបាល ជូនដល់ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ចំនួន២៦០បណ្ណ នៅសាលប្រជុំវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពី លោកលោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិនិងសមាជិកភូមិ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។
លោក ថេង សុថុល បានអំពាវនាវ ឱ្យប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌទាំងអស់ ដែលទទួលបានបណ្ណមូលនិធិសមធ៌មនាពេលកន្លងមក ពិសេស ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធាន និងសមាជិកភូមិ ដែលទើបទទួលបានបណ្ណ ត្រូវប្រើប្រាស់បណ្ណ សមធ៌មនេះ មកពិនិត្យសុខភាពគ្រប់ពេលវេលា ក្នុងការមកទទួលសេវាពិនិត្យ ព្យាបាលសុខភាពដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងនៅតាមមន្ទីរពេទ្យរដ្ឋនានា ។
លោក អភិបាលខណ្ឌបានលើកឡើងទៀតថា ចាប់ពីពេលនេះទៅ សូមបងប្អូនកុំគិត និងបញ្ឈប់ការព្រួយបារម្ភ ពីការគ្មានប្រាក់សម្រាប់ជាសគុណជូនទៅគ្រូពេទ្យ នៅពេលដែលយើងទៅពិនិត្យ និងព្យាបាលជំងឺ និងត្រូវបញ្ឈប់ពីទម្លាប់ជូនសោហ៊ុយជាសគុណដល់គ្រូពេទ្យ ក្នុងគ្រាដែលយើងកំពុងខ្វះខាត ក្រលំបាកផងនោះ ពីព្រោះបញ្ហានេះ នៅពេលដែលបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺនៅកន្លែងណាមួយ គឺមានមន្រ្តី ដែលទទួលការងារនេះ អង្គុយចាំគិតលុយឱ្យពេទ្យជំនួសយើងរួចហើយ ។
លោក ថេង សុថុល បានលើកឡើងថា អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ការចែកបណ្ណ ប.ស.ស នាពេលនេះគឺសបញ្ជាក់ពីការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខុមាលភាពបងប្អូន។
លោកបន្តទៀតថា កម្មករនិយោជិត ទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋទាំងអស់ មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ពិសេសផ្តល់អត្ថប្រយោជន៍ជាប្រាក់ឧបត្ថម្ភបន្ថែម ពេលសម្រាលកូន ជូនដល់កម្មករ និយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ធ៕(ដោយ គា សំណាង)