ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានដឹកនាំសហការចាប់ខ្លួនជនសង្ស័យម្នាក់ នៅខណ្ឌ៧មករារាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចនិយាយថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងចាប់ខ្លួនជនសង្ស័យម្នាក់នៅត្រង់ចំណុចសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ឈឺន ជីន ឬឈឺន ជីម ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួល ម្តុំទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធករណី លួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ចាម1AC-9949កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៤និង០២នាទីទៀបភ្លឺ នៅចំណុចភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចាត់ការបន្តតាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)