ដោតប៉ុស្តផ្សារដែក ចោលរួចចេញទៅទិញឥវ៉ាន់មួយភ្លែត ទុស្សេឆេះរាលដាលផ្ទះ២ខ្នង

ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះ អ្នកលក់កាហ្វេ រួចបានរាលដាល ដល់ផ្ទះលក់ទូរសព្ទ និងផ្ទះជួលជាន់ទី១ក្បែរនោះ បង្កការភ្ញាក់ដល់ពលរដ្ឋអាជ្ញាធរសមត្ថកិច្ច ហៅរថយន្ត ពន្លត់អគ្គីភ័យរបស់រាជធានីភ្នំពេញចេញ អន្តរាគមន៍ ។ 

គ្រោះអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី ២៩ ខែ វិច្ឆិកា ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុ ១៩៦២ខាងកើតវត្តក្រាំងធ្នង់ ភូមិព្រៃខ្លា ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសាក្សពីប្រជាពលរដ្ឋ រស់នៅទីនោះ បានប្រាប់ឱ្យដឹងថា ផ្ទះខាងលើផ្ទះជួលបើកលក់កាហ្វេ ដែល តយ៉ាបដំបូលចេញពីផ្ទះ លក់ទូរស័ព្ទ យីហោ«ពន្លឺសោភ័ណ្ឌ» ជាប្រភេទឈើប្រក ស័ង្កសី ខណៈពេលកើតហេតុ គឺផ្ទះដើមហេតុខាងលើ លក់ដូរធម្មតា សុខៗស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីបន្ទប់ដាក់អីវ៉ាន់ មួយនៅខាងក្រោយដោយបន្ទប់នោះ ។

អ្នកជិតខាងបានឱ្យដឹងថា ជាកន្លែង ប្តីរបស់អ្នកលក់កាហ្វេ ដាក់សម្ភារផ្សាដែកនិងធ្វើការនៅក្នុងនោះ នៅពេលមានអ្នកជិតខាង ពឹងពាក់ឱ្យផ្សាដែក ធ្វើអ្វីៗផ្សេងតាម ទៅការចង់បាន ។ភ្លាមៗអគ្គីភ័យបានឆាបឆេះយ៉ាងលឿន ព្រោះសំណង់នោះភាគច្រើនជាប្រភេទឈើ ។

លោកវរសេនីយ៍ ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឱ្យដឹងថា ទទួលបានព័ត៌មានបានឱ្យរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ១០គ្រឿងប្រើប្រាស់អស់ទាំង ៨គ្រឿង ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃខែឆ្នាំដដែល ។ សំណង់ខូចខាតជាប្រភេទ ផ្ទះឈើប្រក់សង្ក័សីចំនួន២ផ្ទះអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់ដំបូលនិងពិដានផ្ទះអ្នកក្បែរខាងអស់ចំនួន៣០ភាគរយ តែមិនមានមនុស្សរងរបួសឬស្លាប់នោះទេ។

បើតាមប្រភពពីសាច់ញាតិ ម្ចាស់ដើមហេតុបានឱ្យដឹងថា នៅពេលកើតហេតុប្អូនរបស់គាត់ បានទៅផ្សារទិញឥវ៉ាន់, ចំណែកឯ ប្តីប្អូនគាត់ (ម្ចាស់ផ្ទះដើមហេតុ) បានធ្វើការនៅបន្ទប់ខាងក្រោយ ដែលជាកន្លែង កាត់ផ្សាដែកបន្តិចបន្ទួចនៅពេលមានអ្នកជិតខាងពឹងពាក់ ធ្វើដែកផ្សេងៗ ។ 

ប្រភពបន្តថា ខណៈធ្វើការផ្សារដែកបានខ្វះសម្ភារបានទៅក្រៅទិញបន្ថែម ក៏ស្រាប់តែគេ ទូរសព្ទថាភ្លើងបានឆេះផ្ទះទើបស្រូតមកជញ្ជូនឥវ៉ាន់ចេញយ៉ាងប្រផាប់ប្រភីងតែម្តង ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *