អូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីហាមប្រាមបណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៦ ឆ្នាំ បន្ទាប់ពីការជជែកដេញដោលគ្នាដ៏រំជើបរំជួលផ្អើលទូទាំងប្រទេស ដោយកំណត់ជាគោលមួយសម្រាប់យុត្តាធិការជុំវិញពិភពលោក ជាមួយនឹងបទប្បញ្ញត្តិដ៏តឹងតែងបំផុតមួយសំដៅលើក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស។
ច្បាប់នេះបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរាប់ចាប់ពី Instagram និងម្ចាស់ Facebook គឺ Meta រហូតដល់ TikTok បញ្ឈប់អនីតិជនកុំឲ្យចូលប្រើ ឬមិនចឹងប្រឈមនឹងការផាកពិន័យរហូតដល់ ៤៩,៥ លានដុល្លារអូស្ត្រាលី។ការសាកល្បងវិធីសាស្រ្តដើម្បីអនុវត្តច្បាប់នេះនឹងចាប់ផ្តើមនៅខែមករាឆ្នាំ ២០២៥ ជាមួយនឹងការហាមឃាត់នឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំ។
ច្បាប់ស្តីពីអាយុអប្បបរមានៃបណ្តាញសង្គមដាក់ប្រទេសអូស្ត្រាលីជាករណីសាកល្បងសម្រាប់រដ្ឋាភិបាលមួយចំនួនដែលបានធ្វើច្បាប់ ឬបាននិយាយថាពួកគេគ្រោងនឹងបង្កើតច្បាប់កម្រិតអាយុនៅលើបណ្តាញសង្គមចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាពផ្លូវចិត្តមកលើមនុស្សវ័យក្មេង។
ការអនុម័តច្បាប់នេះបន្ទាប់ពីការថ្ងៃចុងក្រោយដ៏ប្រញាប់នៃឆ្នាំប្រជុំសភារបស់អូស្ត្រាលី គឺជាជ័យជម្នះខាងនយោបាយសម្រាប់នាយករដ្ឋមន្ត្រីឆ្វេងនិយមកណ្តាលលោក Anthony Albanese ដែលនឹងទៅបោះឆ្នោតនៅឆ្នាំ ២០២៥ ចំពេលមានការធ្លាក់ចុះប្រជាប្រិយភាពក្នុងការស្ទង់មតិ។
ប្រទេសនានារួមទាំងបារាំង និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់ដើម្បីរឹតបន្តឹងការចូលប្រើបណ្តាញសង្គមសម្រាប់អនីតិជនដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ប៉ុន្តែការហាមប្រាមរបស់អូស្ត្រាលីគឺដាច់ខាត។ ការហាមប្រាមពេញលេញលើក្មេងអាយុក្រោម ១៤ ឆ្នាំក្នុងរដ្ឋផ្លរីដា កំពុងត្រូវបានជំទាស់នៅតុលាការ ក្រោមហេតុផលបំបិទសេរីភាពក្នុងការនិយាយ។
ការហាមឃាត់នេះបានប្រឈមមុខនឹងការជំទាស់ពីអ្នកតស៊ូមតិឯកជនភាព និងក្រុមសិទ្ធិកុមារមួយចំនួន ប៉ុន្តែ ៧៧ភាគរយនៃប្រជាជនចង់បានវា នេះបើយោងតាមការស្ទង់មតិចុងក្រោយបង្អស់៕(ប្រែសម្រួលដោយ លោកសំណាង)