បរទេស ៖ ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌាក្នុងការស៊ើបអង្កេតការស្លាប់របស់បុរសបីនាក់ដែលគេរាយការណ៍ថា«បានបើកឡានធ្លាក់ស្ពានមិនទាន់សង់រួច ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវមើលតាម Google Maps »។
ក្រុមបុរសទាំងនេះកំពុងធ្វើដំណើរទៅពិធីមង្គលការក្នុងរដ្ឋ Uttar Pradesh នៅពេលដែលរថយន្តរបស់ពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Ramganga ពីស្ពានដែលមិនទាន់សង់រួចរាល់កាលពីព្រឹកថ្ងៃអាទិត្យ។
មន្ត្រីប៉ូលិសបាននិយាយថា «អ្នកបើកបរបានបើកបរតាមផ្លូវដោយមើលតាម Google Maps» ។
ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ក៏រាយការណ៍ដែរថា ប៉ូលិសបានសាកសួរមន្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់ពីកម្មវិធីផែនទីនេះ ក៏ដូចជាអ្នកផ្សេងទៀតមកពីនាយកដ្ឋានមុខងារសាធារណៈរបស់រដ្ឋាភិបាលផងដែរ។
អ្នកនាំពាក្យរបស់ Google បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា «យើងសូមសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតរបស់យើងទៅកាន់ក្រុមគ្រួសារ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងផ្តល់ការគាំទ្ររបស់យើងក្នុងការស៊ើបអង្កេតបញ្ហានេះ»។
មន្ត្រីប៉ូលិសមូលដ្ឋានម្នាក់បាននិយាយថា ផ្នែកមួយនៃស្ពានបានរងការខូចខាតក្នុងអំឡុងពេលមានទឹកជំនន់កាលពីឆ្នាំមុន។
ឧបទ្ទវហេតុនេះកើតឡើងមួយឆ្នាំបន្ទាប់ពីវេជ្ជបណ្ឌិតពីរនាក់បានស្លាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៅពេលដែលរថយន្តរបស់ពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Periyar របស់រដ្ឋបន្ទាប់ពីពួកគេបានមើលតាមកម្មវិធីផែនទីនេះ៕(ប្រែសម្រួលដោយ លោកសំណាង)