អ៊ីស្រាអែល និងហេសប៊ូឡាយល់ព្រមលើបទ «ឈប់បាញ់»ដែលសម្របសម្រួលដោយអាមេរិក និង បារាំង ហើយចូលជាធរមាន នៅម៉ោង១០ព្រឹកថ្ងៃទី២៧ វិច្ឆិកានេះ

បរទេស ៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ២០២៤ថា «បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡារបស់លីបង់» នឹងចូលជាធរមាននៅថ្ងៃទី ២៧ ខែវិច្ឆិកានេះ បន្ទាប់ពីភាគីទាំងពីរបានទទួលយកកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និង បារាំង។

លោកបៃដិនបាននិយាយថា កិច្ចព្រមព្រៀងដែលបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីវាត្រូវបានបញ្ឆេះដោយសង្រ្គាមហ្គាហ្សាក្នុងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដើម្បីជាការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍។

លោកបៃដិន ដែលបានថ្លែងសុន្ទរកថានៅសេតវិមានភ្លាមៗ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងនេះក្នុងសំឡេង ១០-១ បាននិយាយថាលោកបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu និងនាយករដ្ឋមន្ត្រីលីបង់ Najib Mikati ។

លោកបាននិយាយថា ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់ នឹងបញ្ចប់នៅម៉ោង ៤ ព្រឹក ម៉ោងក្នុងស្រុក(ម៉ោង ១០ ព្រឹក ម៉ោងនៅកម្ពុជា) ។

លោកបៃដិនបាននិយាយថា «កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងដើម្បីជាការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។ អ្វី​ដែល​នៅ​សេសសល់​ពី​ក្រុមហេសប៊ូឡានិង​អង្គការ​ភេរវកម្មផ្សេង​ទៀត នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​អ៊ីស្រាអែល​ម្តងទៀត​ឡើយ»។

លោកបៃដិនបាននិយាយថា អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនជាបណ្តើរៗក្នុងរយៈពេល ៦០ ថ្ងៃ ក្នុងពេលដែលកងទ័ពរបស់លីបង់កាន់កាប់ទឹកដីនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីធានាថា ក្រុមហេសប៊ូឡានឹងមិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះ។

លោក​បាន​ថ្លែង​ថា​ «ជន​ស៊ីវិល​ទាំង​សងខាង​នឹង​អាច​វិល​ត្រឡប់​ទៅ​សហគមន៍​របស់​ពួកគេ​វិញ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​»។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអបអរសាទរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅលើវេទិកាបណ្តាញសង្គម X ដោយនិយាយថាវាជា «ចំណុចកំពូលនៃកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងអស់រយៈពេលជាច្រើនខែជាមួយអាជ្ញាធរអ៊ីស្រាអែល និងលីបង់ ដោយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក»។

រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib មុននេះ បាននិយាយថា កងទ័ពលីបង់នឹងត្រៀមខ្លួនជាស្រេច ដើម្បីដាក់ពង្រាយទាហានយ៉ាងហោចណាស់ ៥.០០០ នាក់ នៅភាគខាងត្បូងប្រទេសលីបង់ នៅពេលកងទ័ពអ៊ីស្រាអែលដកចេញ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *