បុរសវៀតណាមម្នាក់តាំងរថយន្តសំណព្វនៅលើខ្លោងទ្វារផ្ទះ ខ្ជិលលក់ ទុកវាជាអនុស្សាវរីយ៍

វៀតណាម ៖ បុរស​ម្នាក់​នៅ​ខេត្ត Dong Nai ភាគ​ខាង​ត្បូង​បាន​យក​រថយន្ត​មក​តាំងពី​លើ​ខ្លោង​ទ្វារ​ផ្ទះ​របស់​គាត់​សម្រាប់ហេតុផលអនុស្សាវរីយ៍នានា ដោយទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំងពីអ្នក​ធ្វើ​ដំណើរ​ ដែលបើកបរឆ្លងកាត់។

លោក Pham Anh Duc អាយុ ៥០ ឆ្នាំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តនេះគឺជារថយន្តដំបូងដែលគ្រួសាររបស់គាត់បានកាន់កាប់អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ចាប់តាំងពីពួកគេបានចាកចេញពីស្រុកកំណើតរបស់ពួកគេនៅភាគកណ្តាលប្រទេសវៀតណាមដើម្បីទៅតាំងទីលំនៅនៅ ខេត្ត Dong Nai ។

គ្រួសារនេះមានឡានថ្មីហើយ តែដោយសារឡានចាស់មិនបានប្រើជាច្រើនឆ្នាំ ទើបគាត់ចង់ធ្វើអ្វីមួយជាមួយវាក្នុងគោលបំណងរំលឹកអនុស្សាវរីយ៍។

លោក Duc និយាយថា «អត់មានកន្លែងចតទេ ដូច្នេះខ្ញុំសម្រេចចិត្តយកឡានចាស់មកដាក់ពីលើខ្លោងទ្វារផ្ទះតែម្តង។កម្មករបានប្រើធ្នឹមដែកជាច្រើនដើម្បីទ្រឡាននៅនឹងមួយកន្លែង», ដោយបន្ថែមថា «គាត់នឹងមិនលក់ឡាននេះទេព្រោះគ្រួសារចង់ទុកវាសម្រាប់ជាប្រយោជន៍ដល់អនុស្សាវរីយ៍»។

មនុស្ស​ជា​ច្រើន​បាន​ឈប់​ដើម្បី​ថត​រូប​រថយន្ត ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ទោះ​យ៉ាង​ណា​ក៏​មាន​អ្នក​ខ្លះ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​រថយន្ត​អាច​ធ្លាក់​ចុះ​មក​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។

មន្ត្រី​គណៈកម្មាធិការ​ប្រជាជន​សង្កាត់ Long Binh បាន​និយាយ​ថា ពួកគេ​បាន​ស្នើ​ឱ្យ​ប៉ូលិស​មូលដ្ឋាន​ចុះ​ពិនិត្យ​ទីតាំង​នោះហើយ។ បើ​ការយក​រថយន្ត​ដាក់លើខ្លោងទ្វារ​ខុស​ច្បាប់ និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​នឹង​ទាមទារ​ឱ្យ​យក​រថយន្ត​ចុះ​វិញ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *