ប្រទេសថៃ ៖ ស្ត្រីជនជាតិថៃម្នាក់ ដែលគេជឿថាជាឃាតករដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រថៃត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ពីបទបំពុលមិត្តភក្តិជាមួយសារធាតុពុល Cyanide នៅក្នុងការកាត់ក្តីលើកដំបូងក្នុងចំណោមករណីឃាតកម្មទាំង ១៤ របស់នាង។
នាង Sararat Rangsiwuthaporn អាយុ ៣៦ ឆ្នាំជាអ្នកញៀនល្បែងអនឡាញ ត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់រាប់ពាន់ដុល្លារពីជនរងគ្រោះមុនពេលសម្លាប់ពួកគេដោយសារធាតុគីមី។
តុលាការក្រុងបាងកកបានកាត់ទោសនាងកាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៤ ពីបទ«បំពុលមិត្តភក្តិរបស់នាងឈ្មោះSiriporn Kanwong»។
អ្នកទាំងពីរបានជួបគ្នានៅជិតទីក្រុងបាងកកកាលពីខែមេសា ឆ្នាំ ២០២៣ ដើម្បីព្រលែងត្រីចូលទៅក្នុងទន្លេ Mae Klong ជាផ្នែកនៃពិធីសាសនាព្រះពុទ្ធ។
នាង Siriporn បានដួលស្លាប់ភ្លាមៗបន្ទាប់ពីនោះ ហើយអ្នកស៊ើបអង្កេតបានរកឃើញដាននៃសារធាតុ Cyanide នៅក្នុងខ្លួនរបស់នាង។
មន្ត្រីបាននិយាយថា បន្ទាប់មកប៉ូលិសអាចផ្សារភ្ជាប់នាង Sararat ទៅនឹងករណីបំពុលដោយថ្នាំពុល Cyanide ដែលដោះស្រាយមិនចេញពីមុនៗគិតចាប់តាំងពីឆ្នាំ ២០១៥។
ម្តាយរបស់ Siriporn គឺលោកស្រី Tongpin Kiatchanasiri បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសាលក្រមថា«ការសម្រេចរបស់តុលាការគឺយុត្តិធម៌។ខ្ញុំចង់ប្រាប់កូនស្រីរបស់ខ្ញុំថា ខ្ញុំនឹកនាងខ្លាំងណាស់ ហើយយុត្តិធម៌ត្រូវបានបំពេញសម្រាប់នាងនៅថ្ងៃនេះ»។
ប៉ូលិសបាននិយាយថា នាង Sararat បានបង្គ្រប់លុយលេងល្បែងរបស់នាងដោយការខ្ចីលុយពីជនរងគ្រោះរបស់នាង ដែលក្នុងមួយករណីបានខ្ចីរហូតដល់ ៣០០.០០០ បាត មុនពេលសម្លាប់ពួកគេនិងលួចគ្រឿងអលង្ការនិងទូរសព្ទដៃរបស់ពួកគេ។
នាងបានល្បួងមនុស្ស ១៥ នាក់ ដែលម្នាក់ក្នុងចំណោមនោះនៅរស់រានមានជីវិត ដើម្បីលេបថ្នាំពុល «គ្រាប់រុក្ខជាតិ»។
នាង Sararat ប្រឈមមុខនឹងការកាត់ទោសពីបទឃាតកម្មចំនួន ១៣ ដាច់ដោយឡែកពីគ្នាទៀត ហើយត្រូវបានចោទប្រកាន់សរុបប្រហែល ៨០ បទល្មើស ។
មេធាវីសម្រាប់គ្រួសារជនរងគ្រោះបាននិយាយថា អតីតប្តីរបស់នាង ដែលជាវរសេនីយ៍ទោប៉ូលិស ត្រូវបានកាត់ទោសឱ្យជាប់គុក ១៦ ខែ និងអតីតមេធាវីរបស់នាងជាប់គុកចំនួន ២ ឆ្នាំពីបទពាក់ព័ន្ធក្នុងការសម្លាប់នាង Siriporn ។
ប្រទេសថៃបានក្លាយជាកន្លែងនៃករណីឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់ និងល្បីល្បាញជាច្រើន។
កាលពីដើមឆ្នាំ ២០២៤ ជនបរទេស៦នាក់ត្រូវប្រទះឃើញស្លាប់នៅក្នុងសណ្ឋាគារដ៏ប្រណីតមួយក្នុងទីក្រុងបាងកកបន្ទាប់ពីការបំពុលដោយសារធាតុ Cyanide ដែលគេជឿថា«ជាប់ទាក់ទងនឹងបំណុលដែលមានតម្លៃរាប់លានបាត»៕(ប្រែសម្រួលដោយ លោកសំណាង)