តាកែវ ៖ ក្រោយកើតករណីស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ នៅទីតាំងផ្តល់សេវា សុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមន្ទីរសុខាភិបាលខេត្តតាកែវរកឃើញថា បើកអត់ច្បាប់ទេ ។
មន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់លើករណីនេះថា ៖ ក្រោយបានទទួលព័ត៌មាន នៃការស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច។
ទី១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យមាន សកម្មភាពជាដាច់ខាត ទី២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន និងទី៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្ករតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
មន្ទីរសុខាភិបាលខេត្តតាកែវ បានប្តេជ្ញាចិត្តចំពោះមុខក្រសួង សុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕