បរទេស ៖ សេតវិមានបានរិះគន់ «វោហាសាស្ត្រមិនទទួលខុសត្រូវ» របស់រុស្ស៊ីកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានបន្ធូរបន្ថយវិធានច្បាប់របស់រដ្ឋាភិបាលក្រុងមូស្គូសម្រាប់ការវាយប្រហារនុយក្លេអ៊ែរប៉ុន្តែនិយាយថា ខ្លួនមើលឃើញថា មិនចាំបាច់ផ្លាស់ប្តូរឥរិយាបថកម្លាំងផ្ទាល់ខ្លួននោះទេ។
ចំណាត់ការរបស់ប្រធានាធិបតីពូទីន បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផលិតដោយសហរដ្ឋអាមេរិក ចូលទៅក្នុងទឹកដីរុស្ស៊ី ដោយរដ្ឋាភិបាលក្រុងមូស្គូនិយាយថា រដ្ឋាភិបាលក្រុងគៀវបានប្រើប្រាស់អាវុធនេះជាលើកដំបូងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «នេះគឺជាវោហាសាស្ត្រដែលមិនទទួលខុសត្រូវដដែលៗពីរុស្ស៊ី ដែលយើងបានឃើញក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ»។
អ្នកនាំពាក្យបាននិយាយថា «យើងមិនមានការភ្ញាក់ផ្អើលចំពោះការប្រកាសរបស់រុស្ស៊ីដែលថាខ្លួននឹងធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួននោះទេ» ហើយថារដ្ឋាភិបាលក្រុងមូស្គូបាន «បង្ហាញពីចេតនារបស់ខ្លួន»ដើម្បីធ្វើដូច្នេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
មន្ត្រីដដែលបន្តថា «ដោយសង្កេតមើលថាពុំការផ្លាស់ប្តូរចំពោះឥរិយាបថនុយក្លេអ៊ែររបស់រុស្ស៊ី យើងមិនមើលឃើញហេតុផលណាមួយត្រូវកែសម្រួលឥរិយាបថ ឬគោលលទ្ធិនុយក្លេអ៊ែរផ្ទាល់ខ្លួនរបស់យើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់រុស្ស៊ីនៅថ្ងៃនេះទេ»។
មន្ត្រីអាមេរិកបានបញ្ជាក់ពីមុនថា ប្រធានាធិបតីផុតអាណត្តិលោក ចូ បៃដិន ដែលកំពុងចូលរួមកិច្ចប្រជុំកំពូល G-20 នៅទីក្រុង Rio de Janeiro បានផ្តល់ភ្លើងខៀវឱ្យសម្ពន្ធមិត្តទីក្រុងគៀវប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ី៕(ប្រែសម្រួលដោយ លោកសំណាង)