វិមានក្រឹមឡាំងប្តេជ្ញា «ឆ្លើយតប»ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិកចូលទឹកដីរុស្ស៊ី

បរទេស ៖ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០២៤វិមានក្រឹមឡាំងបានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនថា បានបង្កើនសង្គ្រាមដែលមានរយៈពេល ១.០០០ថ្ងៃនៅអ៊ុយក្រែនដោយសន្យាថានឹងឆ្លើយតប «គួរឱ្យកត់សម្គាល់” ចំពោះការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកដោយអ៊ុយក្រែនដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។

នៅខែមករាខាងមុខ លោកបៃដិន ដែលនឹងប្រគល់សេតវិមានទៅឱ្យលោក ដូណាល់ ត្រាំ ដែលសង្ស័យមិនផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែន បានអំពាវនាវនៅក្នុងកិច្ចប្រជុំកំពូល G-20 ដែលចូលរួមដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីសម្រាប់ការគាំទ្រលើអធិបតេយ្យភាពអ៊ុយក្រែន។

អាជ្ញាធរបាននិយាយថា ជម្លោះមីស៊ីលនេះបានផ្ទុះឡើង នៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូបើកការវាយប្រហារដោយមីស៊ីលលើកទីពីរក្នុងរយៈពេលពីរថ្ងៃទៅលើទីក្រុង Odesa នៃសមុទ្រខ្មៅអ៊ុយក្រែន ដោយសម្លាប់មនុស្ស ១០ នាក់និងរបួស ៥៥ នាក់។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Sybiga បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព (ATACMS) អាចជា «អ្នកផ្លាស់ប្តូរស្ថានការណ៍»។

រដ្ឋាភិបាលក្រុងគៀវបានស្វែងរកការអនុញ្ញាតឱ្យប្រើប្រាស់ ATACMS ប្រឆាំងនឹងគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ីជាយូរណាស់មកហើយ ខណៈដែលកងទ័ពរបស់ខ្លួនប្រឈមមុខនឹងសម្ពាធខ្លាំងបំផុតមួយចំនួន ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការវាយលុករបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។

ការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ីបានផ្តួលរំលំសង្កាត់ទាំងមូលរាបដល់ដីនៅព្រំដែន និងបំផ្លាញកន្លែងថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន។

លោក Sybiga បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីប្រារព្ធខួប១.០០០ថ្ងៃ ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីថា «ការដែលអ៊ុយក្រែនអាចធ្វើការវាយប្រហារបានឆ្ងាយប៉ុនណា សង្រ្គាមនឹងកាន់តែខ្លីតាមនោះ។ វាអាចមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅលើស្ថានភាពនៅលើសមរភូមិ»។

ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «វាច្បាស់ណាស់ថា រដ្ឋបាលដែលត្រៀមចាកចេញនៅទីក្រុងវ៉ាស៊ីនតោន មានបំណង…បន្តដុតភ្លើង និងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង»។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល G-20 នៅប្រទេសប្រេស៊ីល លោកបៃដិនបាននិយាយថា «សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ អ្នក​រាល់​គ្នា​នៅ​ជុំវិញ​តុ​នេះ តាម​ទស្សនៈ​របស់​ខ្ញុំ​ ក៏​គួរ​តែ​គាំទ្រផង​ដែរ»។

មន្ត្រីអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់លើមីស៊ីលនេះគឺដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់របស់រុស្ស៊ីនៅក្នុងយុទ្ធនាការរបស់ខ្លួន៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *