សមាជិកសភារុស្ស៊ីនិយាយថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ីជាមួយនឹងមីស៊ីលអាមេរិកអាចនាំទៅដល់សង្គ្រាមលោកលើកទី៣

រុស្ស៊ី ៖ សមាជិកសភាជាន់ខ្ពស់រុស្ស៊ីបាននិយាយកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងគៀវវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក បានពង្រីកជម្លោះនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង ហើយអាចនាំឱ្យមានសង្គ្រាមលោកលើកទី៣។

មន្ត្រីអាមេរិកពីរនាក់ និងប្រភពដែលដឹងអំពីការសម្រេចចិត្តនេះ បានលាតត្រដាងអំពីការប្តូរចិត្តដ៏សំខាន់នៃគោលនយោបាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងជម្លោះអ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៤។

លោក Andrei Klishas សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសហព័ន្ធសភាជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា «លោកខាងលិចបានសម្រេចចិត្តលើកម្រិតនៃការបង្កើនជម្លោះដែលចុងក្រោយអាចនាំឲ្យរដ្ឋអ៊ុយក្រែនខ្ទេចទាំងស្រុងនៅពេលព្រឹក»។

លោក Vladimir Dzhabarov អនុប្រធានទីមួយនៃគណៈកម្មាធិការកិច្ចការអន្តរជាតិនៃសភាជាន់ទាបរុស្ស៊ី បាននិយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលក្រុងមូស្គូនឹងមានភ្លាមៗ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក Dzhabarov ដោយនិយាយថា «នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី ៣»។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែកញ្ញាថា ប្រទេសលោកខាងលិចនឹងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយលោកខាងលិច ជាចំណាត់ការមួយដែលលោកនិយាយថានឹងផ្លាស់ប្តូរចរិត និងវិសាលភាពនៃជម្លោះ។ រុស្ស៊ីអាចនឹងត្រូវបង្ខំឱ្យទទួលយកនូវអ្វីដែលលោកពូទីនហៅថា «ការសម្រេចចិត្តសមស្រប» ដោយផ្អែកលើការគំរាមកំហែងថ្មី។

លោក Leonid Slutsky ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបរុស្ស៊ី បាននិយាយថា ការអនុញ្ញាតពីសហរដ្ឋអាមេរិកក្នុងការវាយប្រហារដោយរដ្ឋាភិបាលក្រុងគៀវមកលើរុស្ស៊ីជាមួយនឹងមីស៊ីលយុទ្ធសាស្ត្រATACMS របស់អាមេរិក នឹងនាំឱ្យមានការឆ្លើយតបដ៏តឹងរ៉ឹងបំផុត។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីលោក Slutsky ថា «ការវាយប្រហារដោយមីស៊ីលអាមេរិកចូលជ្រៅទៅក្នុងតំបន់នានារបស់រុស្ស៊ី នឹងនាំឱ្យមានការកើនឡើងជម្លោះដោយចៀសមិនរួច ដែលគំរាមកំហែងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរជាងនេះ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *