បុរសអាយុ ៦២ ឆ្នាំម្នាក់បើករថយន្តបំបុកចូលហ្វូងមនុស្សនៅចិន បណ្តាលឱ្យបាត់បង់ជីវិត ៣៥នាក់ និងរបួស ៤៣នាក់

ចិន ៖ បុរសអាយុ ៦២ ឆ្នាំដែលមានការឈឺចាប់ម្នាក់ បានបើកឡានបំបុកចូលហ្វូងមនុស្សនៅខាងក្រៅសាលកីឡាមួយក្នុងទីក្រុងមាត់ឆ្នេរភាគខាងត្បូង Zhuhai កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

បុរសដែលត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលិសមូលដ្ឋានត្រឹមតែនាមត្រកូល Fan បានជិះរថយន្ត SUV បំបុកចូលទៅក្នុងហ្វូងមនុស្សមួយក្រុមធំដែលកំពុងហាត់ប្រាណជុំវិញផ្លូវមួយ នៅឯមជ្ឈមណ្ឌលកីឡា Zhuhai នៅម៉ោង៧និង៤៨ យប់ថ្ងៃចន្ទកន្លងទៅ។

ប៉ូលិសក្រុង Zhuhai បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយនិយាយថាបុរសនេះបានព្យាយាមរត់គេចខ្លួនបន្ទាប់ពីបានបំបុកចូលហ្វូងមនុស្ស ហើយត្រូវបានចាប់ខ្លួន។ ព័ត៌មាន​នៃ​ឧបទ្ទវហេតុ​បុក​រត់​នេះមិន​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យបាន​ទូលំទូលាយ​ទេ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​ពេល​ល្ងាចទើបមានការផ្សព្វផ្សាយ។

វីដេអូដែលថតនៅកន្លែងកើតហេតុ ដែលតាំងពីពេលនោះមកត្រូវបានលុបចេញពីបណ្តាញសង្គមចិន បានបង្ហាញមនុស្សជាច្រើនដេករណូករណែលនៅជុំវិញផ្លូវនោះ ហើយស្បែកជើងរាយប៉ាយពាសវាលពាសកាល។

សេចក្តីថ្លែងការណ៍ដ៏វែងរបស់ប៉ូលិសកាលពីថ្ងៃទី ១២ ខែវិច្ឆិកាបាននិយាយថា «មនុស្ស ៣៥ នាក់បានស្លាប់ និង ៤៣នាក់បានរងរបួស។ ពេល​ប៉ូលិស​ឃាត់​គាត់​កុំឱ្យ​បើក​បរ​ចេញ​ទៅ គាត់​ក៏​ចាប់​យក​កាំបិត​ចាក់​សម្លាប់​ខ្លួន​ឯង ដោយអារបំពង់ក»​។ ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «គាត់កំពុងទទួលការព្យាបាលសង្គ្រោះបន្ទាន់ ហើយមិនអាចសាកសួរបានទេ»។

ប៉ូលិសបាននិយាយថា ការស៊ើបអង្កេតបឋមរបស់ពួកគេបានបង្ហាញថា ការវាយប្រហាររបស់លោក Fan កើតចេញពីការមិនពេញចិត្តរបស់គាត់ចំពោះការបែងចែកទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍បន្ទាប់ពីការលែងលះរបស់គាត់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *