វិមានក្រឹមឡាំង ៖ របាយការណ៍ដែលថាត្រាំនិងពូទីន បាននិយាយគ្នា«ជាការប្រឌិត»

រុស្ស៊ី ៖ ប្រភពដែលដឹងពីការសន្ទនាបាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយបានណែនាំគាត់កុំពង្រីកសង្គ្រាមអ៊ុយក្រែនប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធថា «អ្នកទាំងពីរមិនបាននិយាយគ្នានោះទេ»។

ប្រភពខាងលើបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០២៤ថា លោកត្រាំដែលបានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធានិងហិរញ្ញវត្ថុរបស់អាមេរិកសម្រាប់រដ្ឋាភិបាលក្រុងគៀវ ហើយបាននិយាយថា លោកនឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័សនោះ បាននិយាយទៅកាន់លោកពូទីនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

កាសែត Washington Post ដែលស្រង់ប្រភពមិនបញ្ចេញឈ្មោះ បានរាយការណ៍ដំបូងថា ការហៅទូរសព្ទបានកើតឡើង ហើយបាននិយាយថា លោកត្រាំបានប្រាប់លោកពូទីនថាគាត់មិនគួរពង្រីកសង្គ្រាមនៅអ៊ុយក្រែនឱ្យកាន់តែធ្ងន់ធ្ងរឡើងនោះទេ។

ប៉ុន្តែនៅក្នុងចំណាត់ការមិនធម្មតា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ២០២៤ថា «គ្មានការហៅទូរសព្ទបែបនេះបានកើតឡើងនោះទេ»។

លោកបានប្រាប់អ្នកកាសែតថា «នេះគឺជារឿងមិនពិតទាំងស្រុង។ នេះ​ជា​រឿង​ប្រឌិត​សុទ្ធ​សាធ វាគ្រាន់តែជាព័ត៌មាន​មិន​ពិត។ មិន​មាន​ការ​សន្ទនា​នោះទេ»។

លោកបាននិយាយថា «នេះគឺជាឧទាហរណ៍ជាក់ស្តែងបំផុតនៃគុណភាពនៃព័ត៌មានដែលកំពុងផ្សព្វផ្សាយនៅពេលនេះ ជួនកាលសូម្បីតែនៅក្នុងកាសែតដែលមានកេរ្តិ៍ឈ្មោះក៏ដោយ»។

នៅពេលសួរថាតើលោកពូទីនមានគម្រោងទាក់ទងជាមួយត្រាំឬអត់ លោក Peskov បាននិយាយថា «មិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ»។

នៅពេលសួរអំពីការហៅទូរសព្ទរបស់លោកត្រាំ-ពូទីន ដែលបានអះអាងនោះ លោក Steven Cheung នាយកទំនាក់ទំនងរបស់លោកត្រាំបាននិយាយថា «យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរសព្ទជាលក្ខណៈឯកជនរវាងប្រធានាធិបតីត្រាំនិងមេដឹកនាំពិភពលោកផ្សេងទៀតនោះទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *