អាមេរិក ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀពូទីន ហើយបានណែនាំគាត់កុំឱ្យធ្វើពង្រីកសង្គ្រាមអ៊ុយក្រែន ។ នេះបើយោងតាមប្រភពដែលដឹងពីការសន្ទនានេះប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈប្រធានាធិបតី ចូ បៃដិនគ្រោងនឹងជំរុញឱ្យត្រាំកុំបោះបង់ចោលរដ្ឋាភិបាលក្រុងគៀវ។
ប្រភពបាននិយាយថា ត្រាំនិងពូទីនបាននិយាយគ្នានៅប៉ុន្មានថ្ងៃថ្មីៗនេះ។ ត្រាំបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីកាលពីថ្ងៃពុធផងដែរ។ លោកត្រាំបានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធានិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់រដ្ឋាភិបាលក្រុងគៀវ ដោយប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សដោយមិនបាននិយាយពីរបៀបបញ្ចប់នោះទេ។
ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ខ្លួនមិនត្រូវបានជូនដំណឹងជាមុនអំពីការហៅទូរសព្ទរវាងលោកត្រាំនិងលោកពូទីនទេ ដូច្នេះមិនអាចទទួលយក ឬជំទាស់នឹងវានោះទេ។
លោក Steven Cheung នាយកផ្នែកទំនាក់ទំនងរបស់លោកត្រាំបាននិយាយនៅពេលត្រូវបានសួរអំពីការហៅទូរសព្ទដែលបានរាយការណ៍ដំបូងដោយកាសែត The Washington Post ថា «យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរសព្ទឯកជនរវាងប្រធានាធិបតីត្រាំនិងមេដឹកនាំពិភពលោកផ្សេងទៀតនោះទេ»។
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
លោកត្រាំមកពីគណបក្សសាធារណរដ្ឋនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាបន្ទាប់ពីផ្តួលអនុប្រធានាធិបតីKamala Harris ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៥ ខែវិច្ឆិកា។ សេតវិមានបាននិយាយថា លោកបៃដិនបានអញ្ជើញលោកត្រាំ ឱ្យមកការិយាល័យពងក្រពើនៅថ្ងៃពុធខាងមុខ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សារកំពូលរបស់លោកបៃដិននឹងក្លាយជាការប្តេជ្ញាចិត្តរបស់គាត់ក្នុងការធានាការផ្ទេរអំណាចដោយសន្តិវិធី ហើយគាត់ក៏នឹងនិយាយជាមួយលោកត្រាំអំពីអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប នៅអាស៊ី និង នៅមជ្ឈិមបូព៌ាផងដែរ។
លោក Sullivan បានប្រាប់ទូរទស្សន៍ CBS ថា «ប្រធានាធិបតីបៃដិននឹងមានឱកាសក្នុងរយៈពេល ៧០ ថ្ងៃខាងមុខដើម្បីលើកហេតុផលទៅកាន់សភា និងទៅកាន់រដ្ឋបាលដែលត្រៀមចូលដឹកនាំថា សហរដ្ឋអាមេរិកមិនគួរដើរចេញពីអ៊ុយក្រែននោះទេ ព្រោះការដើរចេញពីអ៊ុយក្រែនមានន័យថានឹងមានអស្ថិរភាពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប»។
ការអត្ថាធិប្បាយរបស់លោក Sullivan បានកើតឡើងខណៈដែលអ៊ុយក្រែនបានវាយប្រហារទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យជាមួយនឹងដ្រូនយ៉ាងហោចណាស់ ៣៤ គ្រឿង ដែលជាការវាយប្រហារដោយដ្រូនក្នុងចំនួនច្រើនបំផុតលើរដ្ឋធានីរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។
នៅពេលសួរថាតើលោកបៃដិននឹងស្នើឱ្យសភាអនុម័តច្បាប់ដើម្បីអនុញ្ញាតឱ្យផ្តល់មូលនិធិបន្ថែមទៀតសម្រាប់អ៊ុយក្រែនឬយ៉ាងណានោះ លោក Sullivan បានបដិសេធធ្វើអត្ថាធិប្បាយ។
លោក Sullivan បាននិយាយថា «ខ្ញុំមិននៅទីនេះដើម្បីដាក់សំណើច្បាប់ជាក់លាក់ណាមួយនោះទេ។ ប្រធានាធិបតីបៃដិននឹងលើកអំណះអំណាងថា យើងត្រូវការធនធានជាបន្តបន្ទាប់សម្រាប់អ៊ុយក្រែនហួសពីចុងបញ្ចប់នៃអាណត្តិរបស់គាត់»៕(ប្រែសម្រួលដោយ លោកសំណាង)