ចិនគោរពការជ្រើសរើសរបស់ពលរដ្ឋអាមេរិក និង អបអរត្រាំជាប់ឆ្នោត

បរទេស ៖ ចិនបានសម្តែងការគោរពចំពោះលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងបានអបអរសាទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ខណៈកាសែតផ្លូវការមួយបានអំពាវនាវឱ្យមានវិធីសាស្រ្ត «ជាក់ស្តែង» ចំពោះទំនាក់ទំនងចិន-អាមេរិក ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ប្រទេសទាំងពីរឱ្យបានត្រឹមត្រូវ។

លោកត្រាំ ដែលជាមនុស្សរបស់គណបក្សសាធារណរដ្ឋដែលបានសន្យា ថានឹងអនុវត្តពន្ធតឹងរ៉ឹង បានដណ្តើមយកតំណែងនៅសេតវិមានឡើងវិញជាមួយនឹងជ័យជម្នះដ៏លើសលុបលើបេក្ខនារីរបស់គណបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាម្សិលមិញ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា «យើងគោរពជម្រើសរបស់ប្រជាជនអាមេរិក និងអបអរសាទរចំពោះលោកត្រាំក្នុងការជាប់ឆ្នោតជាប្រធានាធិបតី»។

សារព័ត៌មានរដ្ឋ China Daily បាននិយាយនៅក្នុងបទវិចារណកថាមួយកាលពីថ្ងៃពុធថា តំណែងប្រធានាធិបតីលើកទីពីររបស់លោកត្រាំអាចសម្គាល់ «ការចាប់ផ្តើមថ្មីក្នុងទំនាក់ទំនងចិន-អាមេរិក ប្រសិនបើឱកាសដែលត្រូវបានផ្តល់ជូនមិនត្រូវបានខ្ជះខ្ជាយ»។

រដ្ឋបាលអាមេរិកបន្ទាប់មកអាចពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទងជាមួយចិន ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា «ដែលមានចាប់ពីសំណួរអំពីតៃវ៉ាន់ រហូតដល់ពាណិជ្ជកម្ម និងសមុទ្រចិនខាងត្បូង»។

កាសែត China Daily បាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក និង «ការយល់ខុស»ចំពោះប្រទេសចិនបានបង្កបញ្ហាប្រឈមយ៉ាងសំខាន់សម្រាប់ទំនាក់ទំនង។ «វិធីសាស្រ្តជាក់ស្តែងចំពោះទំនាក់ទំនងទ្វេភាគីគឺមានសារៈសំខាន់ក្នុងការរុករកភាពស្មុគស្មាញនៃបញ្ហាប្រឈមពិភពលោក»។

ការចាត់ចែងយ៉ាងត្រឹមត្រូវនៃទំនាក់ទំនងចិន-អាមេរិក ដែលកាសែតនេះហៅថាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក «មិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពកាន់តែច្រើនទៅក្នុងពិភពលោកផងដែរ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *