ការតវ៉ាផ្ទុះឡើងក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីលោក Netanyahu បណ្តេញរដ្ឋមន្ត្រីការពារជាតិ

អ៊ីស្រាអែល ៖ ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ គឺ លោក Yoav Gallant ។

លោក Netanyahu បាននិយាយថា «វិបត្តិនៃការជឿទុកចិត្ត»រវាងមេដឹកនាំទាំងពីរបាននាំឱ្យមានការសម្រេចចិត្តរបស់គាត់បែបនេះ ដោយបន្ថែមថា ការជឿទុកចិត្តរបស់គាត់លើលោក Gallant បាន «រលាយបាត់»ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយរដ្ឋមន្ត្រីការបរទេសលោក Israel Katz នឹងចូលជំនួសគាត់។

បន្ទាប់ពីព័ត៌មាននេះ លោក Gallant បានបង្ហោះនៅលើបណ្តាញសង្គមថា «សន្តិសុខនៃរដ្ឋអ៊ីស្រាអែល នៅតែហើយនឹងនៅតែជាបេសកកម្មនៃជីវិតរបស់ខ្ញុំជានិច្ច»។

លោក Netanyahu និងលោក Gallant មានទំនាក់ទំនងការងារដែលបែកបាក់គ្នាជាយូរមកហើយ ហើយកាលពីឆ្នាំមុន មានរបាយការណ៍អំពីការស្រែគំហ៊កដាក់គ្នារវាងបុរសទាំងពីរអំពីយុទ្ធសាស្ត្រសង្រ្គាមរបស់អ៊ីស្រាអែលទៀតផង។

លោក Gallant បាននិយាយថា កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស់គួរតែត្រូវផ្តល់អាទិភាពមុនការបន្តសង្រ្គាមនៅតំបន់ហ្គាហ្សា ជាជំហរមួយដែលត្រូវបានច្រានចោលដោយលោកនាយករដ្ឋមន្ត្រី។

អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះក៏មិនសប្បាយចិត្តចំពោះផែនការបន្តអនុញ្ញាតឱ្យពលរដ្ឋជ្រុលនិយមរបស់អ៊ីស្រាអែលរួចខ្លួនពីការបម្រើក្នុងជួរយោធាផងដែរ។

ប៉ុន្មានខែមុនពេលចាប់ផ្តើមសង្រ្គាមនៅហ្គាហ្សាក្នុងខែតុលាឆ្នាំ ២០២៣ លោក Netanyahu បានបណ្តេញលោកGallant ម្តងហើយជុំវិញការខ្វែងគំនិតផ្នែកនយោបាយ មុនពេលដាក់គាត់កាន់តំណែងឡើងវិញបន្ទាប់ពីការតវ៉ាជាសាធារណៈទ្រង់ទ្រាយធំ។

ប៉ុន្តែកាលពីថ្ងៃអង្គារ លោក Netanyahu បាននិយាយថា «ក្នុងពេលកំពុងមានសង្រ្គាមបែបនេះ ការជឿទុកចិត្តពេញលេញគឺត្រូវទាមទារឲ្យមានរវាងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ជាងពេលណាៗទាំងអស់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *