សង្ស័យមានមនុស្សស្លាប់រាប់រយនាក់ក្នុងចំណតឡានក្រោមដីនៅទីក្រុង Valencia ក្រោយទឹកជំនន់ដ៏អាក្រក់វាយប្រហារអេស្ប៉ាញ

អេស្ប៉ាញ ៖ ប្រតិបត្តិការស្វែងរកដ៏ធំសម្បើមកំពុងដំណើរការនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបដ៏ធំបំផុតរបស់ Valencia បន្ទាប់ពីចំណតរថយន្តក្រោមដីមួយបានលិចលង់នៅក្នុងទឹកជំនន់ដ៏សាហាវ ដែលបន្សល់ទុកនូវអ្វីដែលគួរឱ្យបារម្ភក្លាយជា «ផ្នូរដ៏ធំ»ជាមួយនឹងសាកសព «រាប់រយនាក់»។

ទាហាន និងប៉ូលិសជិត ១០.០០០ នាក់ត្រូវបានដាក់ពង្រាយចូលទៅក្នុងតំបន់ ដើម្បីជួយក្នុងការស្វែងរក បន្ទាប់ពីប្រទេសអេស្ប៉ាញរងគ្រោះដោយគ្រោះធម្មជាតិដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយចំនួនអ្នកស្លាប់កើនឡើងជាង ២០០ នាក់ និងបាត់ខ្លួនជាង ២.០០០ នាក់។

ក្នុងចំណោមអ្នកដែលត្រូវបានកោះហៅចូលរួមនោះ មានក្រុមអ្នកមុជទឹកជំនាញឯកទេស ដែលត្រូវបានដាក់ពង្រាយនៅចំណតរថយន្តលិចទឹកនៃមជ្ឈមណ្ឌលផ្សារទំនើប Bonaire បន្ទាប់ពីរថយន្តរាប់រយគ្រឿងត្រូវអ្នកជួយសង្គ្រោះឃើញបោះបង់ចោល។

ក្រុមសង្គ្រោះបន្ទាន់បាននិងកំពុងប្រើប្រាស់ទូក មនុស្សយន្ត និងអ្នកមុជទឹកដើម្បីជួយពួកគេ ខណៈពួកគេបូមទឹកស្អុយចេញពីចំណតរថយន្ត ដែលមានពីរជាន់ ហើយស្វែងរកក្នុងទឹកកខ្វក់ស្អុយសម្រាប់អ្នកដែលអាចនៅរស់រានមានជីវិត។

បុគ្គលិកសង្គ្រោះម្នាក់បានចោទប្រកាន់រដ្ឋាភិបាលថា និយាយបន្ទាបចំនួនមនុស្សស្លាប់នៅក្នុងទឹកជំនន់ បន្ទាប់ពីស្តេចអេស្ប៉ាញ Felipe និងម្ចាស់ក្សត្រិយ៍ Letizia យាងកាត់ភក់ និងវត្ថុនានា ខណៈដែលពួកទ្រង់ព្យាយាមយាងទតផ្លូវភក់នៃទីប្រជុំជនដែលរងគ្រោះខ្លាំងបំផុតនៅជាយក្រុង Valencia កាលពីថ្ងៃអាទិត្យម្សិលមិញ។

រឿងនេះកើតឡើងនៅពេលដែលព័ត៌មាននាពេលយប់ថ្ងៃអាទិត្យបានផ្សាយអំពីទឹកជំនន់រាលដាលដល់តំបន់ឈប់សម្រាកលំហែកាយផ្សេងទៀតនៅឆ្នេរសមុទ្រអេស្ប៉ាញ ខណៈដែលរូបភាព និង វីដេអូថ្មីៗ បានបង្ហាញផ្លូវនានានៅតំបន់ Alicante ជន់លិចដោយទឹកភ្លៀងកខ្វក់ ដែលបានបង្អុលចុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

រូបភាពនៃការបំផ្លិចបំផ្លាញត្រូវបានឃើញនៅទូទាំងភាគខាងកើតប្រទេសអេស្ប៉ាញ ចាប់តាំងពីទឹកជំនន់បានវាយប្រហារកាលពីដើមសប្តាហ៍នេះ ខណៈដែលអ្នកស្រុកដែលមានទុក្ខព្រួយត្រូវបានគេទុកចោលឱ្យមានអារម្មណ៍ថាការឆ្លើយតបរបស់អាជ្ញាធរអេស្ប៉ាញចំពោះគ្រោះមហន្តរាយនេះគឺយឺតយ៉ាវពេកហើយ។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដែលឃើញនៅមជ្ឈមណ្ឌលទិញទំនិញត្រូវបានគេនិយាយថា ផ្តោតសំខាន់ខ្លាំងជាងនេះទៅទៀត ខណៈមនុស្សជាច្រើនមានអារម្មណ៍ថាអ្វីដែលក្រុមស្វែងរកនឹងរកឃើញនៅពេលដែលទឹកស្រកវិញ នឹងគួរឱ្យខ្លាចមិនគួរឱ្យជឿ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *