បរទេស ៖ ម៉ាឡេស៊ីបានស្វាគមន៍ការវិនិយោគធំៗដោយក្រុមហ៊ុនផលិតបន្ទះឈីប ប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ និងតួអង្គបច្ចេកវិជ្ជាផ្សេងៗទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប៉ុន្តែក្រុមហ៊ុនរបស់ខ្លួនឥឡូវនេះ កំពុងមានភាពច្របូកច្របល់ចំពោះលទ្ធភាពនៃការដំឡើងពន្ធបន្ថែមទៀតដោយសហរដ្ឋអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្ម និងការប្រណាំងប្រជែងបញ្ញាសិប្បនិម្មិត (AI) ជាមួយចិន។
អ្នកជំនាញបាននិយាយថា ដូចប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន គឺវៀតណាម ថៃ និង កម្ពុជាដែរ ម៉ាឡេស៊ីប្រហែលជាត្រូវទប់ទល់នឹងការយកពន្ធដ៏តឹងរ៉ឹង ប្រសិនបើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ សូម្បីតែគោលគំនិតគាំពារនិយមរបស់សហរដ្ឋអាមេរិកកាន់តែធំជាងមុននៅតែរក្សាទុក មិនថាអ្នកណាក្លាយមេដឹកនាំបន្ទាប់នោះឡើយ។
រដ្ឋអាស៊ីអាគ្នេយ៍ទាំងបួនគឺស្ថិតក្នុងចំណោមរដ្ឋដែលទទួលផលចំណេញពីយុទ្ធសាស្ត្រចិនបូកមួយ (China Plus One) តាមរយៈក្រុមហ៊ុននានាដែលធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដើម្បីគេចពីការយកពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញពីប្រទេសចិន។ សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានចាប់ផ្តើមនៅឆ្នាំ២០១៨ ជុំវិញអ្វីដែលអាមេរិកហៅថា ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ដោយប្រទេសចិន។
បាតុភូតនេះក៏ត្រូវបានគេដាក់ឈ្មោះឱ្យថា «ការលាងជម្រះនៅអាស៊ីអាគ្នេយ៍» (Southeast Asia-washing) ដែលសំដៅលើក្រុមហ៊ុនចិនដែលព្យាយាមក្លែងបន្លំប្រភពដើមនៃផលិតផលរបស់ខ្លួនដោយរើទីតាំងប្រតិបត្តិការទៅកាន់ប្រទេសក្នុងតំបន់។
ក្នុងខែនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមយកពន្ធលើការនាំចូលបន្ទះថាមពលព្រះអាទិត្យពីប្រទេសចំនួនបួន ដែលជាម្ចាស់ផ្ទះទទួលរោងចក្ររបស់ក្រុមហ៊ុនចិនដូចជា Jinko Solar និង Trina Solar ។
ក្រោមរបបពន្ធថ្មី ឧបករណ៍សូឡារបស់ម៉ាឡេស៊ីដែលនាំចេញទៅអាមេរិកនឹងត្រូវដំឡើងពន្ធ ៩,១៣ ភាគរយ។ បន្ទះសូឡាមកពីប្រទេសថៃនឹងត្រូវបង់ពន្ធ ២៣,០៦ ភាគរយ ខណៈដែលអត្រាគឺ ២,៨៥ ភាគរយសម្រាប់ប្រទេសវៀតណាមនិង ៨,២៥ ភាគរយសម្រាប់ប្រទេសកម្ពុជា។
អត្រាពន្ធ ដែលជាដំណាក់កាលបឋម និងទាបជាងអ្វីដែលអ្នកជំនាញមួយចំនួនបានរំពឹងទុកនោះ គឺជាអ្វីដែលក្រសួងពាណិជ្ជកម្មអាមេរិកបានគណនាថាជាការឧបត្ថម្ភធនសម្រាប់ផលិតកម្មរបស់ពួកគេ។
ពន្ធរបស់អាមេរិកបានធ្វើឱ្យមានការធ្លាក់ចុះលើវិស័យនេះនៅក្នុងប្រទេសម៉ាឡេស៊ី ។នេះបើយោងតាមអ្នកខាងក្នុងឧស្សាហកម្ម ខណៈដែលវេបសាយ Bloomberg បានរាយការណ៍កាលពីចុងខែសីហាថា យ៉ាងហោចណាស់ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិនចំនួនបីបានកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។
លោក Ken Ong នាយកគ្រប់គ្រងក្រុមហ៊ុនបន្ទះសូឡារបស់ម៉ាឡេស៊ី Helios Photovoltaic បានប្រាប់សារព័ត៌មាន CNA ថា«លោកយល់ថាក្រុមហ៊ុនចិនមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងផ្អាកផែនការពង្រីកបន្ទាប់ពីពន្ធថ្មីនេះ»។
មន្ត្រីក្នុងតំបន់នៅសួនឧស្សាហកម្ម Kulim Hi-Tech នៅរដ្ឋ Kedah ភាគខាងជើងបាននិយាយថា ក្រុមហ៊ុនសូឡាចិនRisen Technology បាន «ចាត់វិធានការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយទិន្នផលផលិតកម្មដោយបញ្ឈប់ជាបណ្តោះអាសន្ននូវខ្សែសង្វាក់ផលិតកម្មមួយ»។
មន្ត្រីសុំមិនបញ្ចេញឈ្មោះរូបនេះបានបន្ថែមថា ក្រុមហ៊ុនក៏កំពុងតែស្វែងរកទីផ្សារថ្មីដើម្បីនាំចេញផលិតផលរបស់ខ្លួនផងដែរ។
ក្រុមហ៊ុន Jinko Solar បានបិទរោងចក្ររបស់ខ្លួននៅ Penang និងបញ្ឈប់ការងាររបស់កម្មករ ខណៈដែលស្ថាបនិកក្រុមហ៊ុន Longi Green Energy Technology Co ត្រូវបានដកស្រង់សម្តីកាលពីខែមិថុនា ដោយបង្ហាញពីការព្រួយបារម្ភអំពីអនាគតនៃឧស្សាហកម្មនេះនៅអាស៊ីអាគ្នេយ៍៕(ប្រែសម្រួលដោយ លោកសំណាង)