លោកហ្សេលេនស្គីរិះគន់ «ការឆ្លើយតបសូន្យ»របស់លោកខាងលិចចំពោះការដាក់ពង្រាយទាហានកូរ៉េខាងជើង

អ៊ុយក្រែន ៖ ប្រធានាធិបតីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលាឆ្នាំ២០២៤ថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនមិនបានឆ្លើយតបឱ្យបានគ្រប់គ្រាន់ចំពោះការចូលរួមរបស់ទាហានកូរ៉េខាងជើងនៅក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយរដ្ឋាភិបាលក្រុងគៀវទេ។

ការអត្ថាធិប្បាយបែបនេះធ្វើឡើងបន្ទាប់ពីប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូងបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសរុស្ស៊ី ដោយព្រមានថាទាហានកូរ៉េខាងជើងក្នុងឯកសណ្ឋានរុស្ស៊ីកំពុងត្រូវបានដាក់ពង្រាយសម្រាប់លទ្ធភាពធ្វើសកម្មភាពប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែនបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍កូរ៉េខាងត្បូង KBS ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន «កំពុងសាកល្បងប្រតិកម្មរបស់លោកខាងលិច របស់រដ្ឋណាតូ និងប្រតិកម្មរបស់កូរ៉េខាងត្បូង»។

លោកបានបន្ថែមថា «ប្រសិនបើគ្មានអ្វីទេ ហើយខ្ញុំគិតថា បើមានប្រតិកម្មសូន្យចំពោះរឿងនេះ បន្ទាប់មកចំនួនទាហានកូរ៉េខាងជើងនៅតាមព្រំដែនរបស់យើងនឹងកើនឡើង»។

រដ្ឋាភិបាលក្រុងសេអ៊ូលបានចោទប្រកាន់កូរ៉េខាងជើងជាយូរយារណាស់មកហើយថាបានបញ្ជូនអាវុធទៅជួយរដ្ឋាភិបាលក្រុងមូស្គូប្រយុទ្ធនឹងរដ្ឋាភិបាលក្រុងគៀវ ហើយបានចោទប្រកាន់ថារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើចំណាត់ការដាក់ពង្រាយទាហានទ្រង់ទ្រាយធំ បន្ទាប់ពីមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយលោកពូទីនកាលពីខែមិថុនា។

លោកហ្សេលេនស្គីបាននិយាយថា «ខ្ញុំភ្ញាក់ផ្អើលចំពោះភាពស្ងៀមស្ងាត់របស់ចិន។ ខ្ញុំមិននិយាយថាចិននៅខាងយើងទេ ប៉ុន្តែចិនគឺជាអ្នកធានាសន្តិសុខនៅក្នុងតំបន់របស់អ្នក យ៉ាងហោចណាស់នោះជាអ្វីដែលយើងគិត ហើយរឿងនេះពិតជាស្ងាត់​ឥឡូវ​នេះ»។

លោកបានបន្ថែមថា «ខ្ញុំគិតថា ជប៉ុន កូរ៉េខាងត្បូង អ្នកទាំងពីរគឺជាប្រទេសខ្លាំង គួរតែទៅរកចិន និងយកចិនធ្វើជាសម្ព័ន្ធមិត្តទាក់ទងនឹងអ្វីដែលកូរ៉េខាងជើងកំពុងធ្វើនៅពេលនេះ។ កូរ៉េ​ខាង​ជើង​ឥឡូវ​កំពុង​អូស​តំបន់​ទាំង​មូល​របស់​អ្នក​ចូល​ទៅ​ក្នុង​សង្រ្គាម»។

ការិយាល័យរបស់លោកបានចេញផ្សាយការអត្ថាធិប្បាយនេះ ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានពិភាក្សាគ្នាកម្រិតខ្ពស់ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលថ្មីបំផុត និងខ្លាំងបំផុតរបស់ខ្លួន ដែលបង្ហាញពីការគំរាមកំហែងរបស់ខ្លួនចំពោះសហរដ្ឋអាមេរិកដីគោកនៅប៉ុន្មានថ្ងៃមុនការបោះឆ្នោត៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *