អេស្ប៉ាញ ៖ ប្រទេសអេស្ប៉ាញកំពុងជួបគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍មកនេះ ខណៈយ៉ាងហោចណាស់មានមនុស្សចំនួន ៩៥ នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបោកបក់មកខេត្តភាគខាងកើត Valencia និងខេត្តជាច្រើនទៀត។
ភ្លៀងធ្លាក់ខ្លាំងកើតឡើងកាលពីថ្ងៃអង្គារ បានបង្កជាទឹកជំនន់ភ្លាមៗ ដែលបានហូរកាត់ស្ពាន និងអគារនានា ហើយបង្ខំមនុស្សឱ្យឡើងលើដំបូល ឬតោងដើមឈើដើម្បីរួចរស់ជីវិត។
នាយករដ្ឋមន្ត្រី លោកPedro Sanchez បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ខណៈដែលស្ថានភាពធ្ងន់ធ្ងរនៅតែបន្ត ដោយដាក់កម្រិតលើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមួយចំនួន។ រដ្ឋាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់ត្រូវគេបារម្ភថានឹងកើនឡើង ខណៈ «មានអ្នកបាត់ខ្លួនជាច្រើន»។
យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ៩២ នាក់ត្រូវបានកត់ត្រានៅក្នុងខេត្ត Valencia ដោយពីរនាក់ទៀតនៅខេត្តCastilla-La Mancha ទៅភាគខាងលិចខេត្ត Valencia និងម្នាក់ទៀតនៅខេត្ត Málaga ពោលជាបុរសជនជាតិអង់គ្លេសអាយុ ៧១ ឆ្នាំដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីត្រូវបានជួយសង្គ្រោះពីផ្ទះរបស់គាត់។
ចំនួនអ្នកស្លាប់ដោយទឹកជំនន់គឺជាចំនួនដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីឆ្នាំ ១៩៧៣ នៅពេលដែលមនុស្សយ៉ាងហោចណាស់ ១៥០ នាក់ត្រូវបានប៉ាន់ស្មានថាបានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅភាគអាគ្នេយ៍របស់ប្រទេសនេះ។
នៅក្នុងសុន្ទរកថាថ្នាក់ជាតិរបស់គាត់កាលពីថ្ងៃពុធ លោក Sánchez បានជំរុញឱ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងបានសន្យាផ្តល់ការជួយសង្គ្រោះពេញលេញ ដោយប្រាប់ជនរងគ្រោះថា «អេស្ប៉ាញទាំងមូលយំជាមួយអ្នក… យើងនឹងមិនបោះបង់ចោលអ្នកទេ»៕(ប្រែសម្រួលដោយ លោកសំណាង)