បរទេស ៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៩៣នាក់បានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Beit Lahia ភាគខាងជើងហ្គាហ្សានៅក្នុងការវាយប្រហារដែលសហរដ្ឋអាមេរិកហៅថា «គួរឱ្យរន្ធត់»។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា អគារលំនៅឋានកម្ពស់ប្រាំជាន់មួយត្រូវបានវាយប្រហារ ហើយវីដេអូនៅលើបណ្តាញសង្គមបានបង្ហាញសាកសពគ្របក្រណាត់នៅលើឥដ្ឋ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍ដែលថាជនស៊ីវិលត្រូវបានរងគ្រោះនៅថ្ងៃនេះ [ថ្ងៃអង្គារ] នៅតំបន់ទីក្រុង Beit Lahia។យោធាអ៊ីស្រាអែលបានបន្ថែមថា ព័ត៌មានលម្អិតនៃឧបទ្ទវហេតុនេះកំពុងត្រូវបានពិនិត្យ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិងកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សាភាគខាងជើង ក្នុងអំឡុងពេលពីរសប្តាហ៍កន្លងមកនេះ ជាពិសេសនៅតំបន់ Jabalia, Beit Lahia និង Beit Hanoun។
នាយកមន្ទីរពេទ្យ Kamal Adwan ក្បែរនោះក្នុងទីក្រុង Jabalia លោក Hussam Abu Safia បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កុមារកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ដែលកំពុងជួបការលំបាកក្នុងការព្យាបាលអ្នកជំងឺដោយសារកង្វះបុគ្គលិក និងថ្នាំពេទ្យ។
លោក Abu Safia បាននិយាយថា «គ្មានអ្វីនៅសេសសល់នៅក្នុងមន្ទីរពេទ្យ Kamal Adwan ទេ លើកលែងតែសម្ភារសង្គ្រោះបឋម បន្ទាប់ពីកងទ័ពបានចាប់ខ្លួនក្រុមគ្រូពេទ្យ និងបុគ្គលិករបស់យើង»។
IDF បានឆ្មក់ចូលមន្ទីរពេទ្យនេះកាលពីសប្តាហ៍មុន ដោយនិយាយថា មន្ទីរពេទ្យនេះត្រូវបានប្រើប្រាស់ដោយយុទ្ធជនហាម៉ាស់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិក «មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិលនៅក្នុងឧបទ្ទវហេតុនេះ។ នេះគឺជាឧបទ្ទវហេតុដ៏រន្ធត់ ជាមួយនឹងលទ្ធផលដ៏គួរឱ្យរន្ធត់»។
លោកបានចង្អុលទៅ «របាយការណ៍អំពីកុមារជាង២០នាក់ត្រូវបានសម្លាប់» ក្នុងការវាយប្រហារ។
លោក Miller បាននិយាយថា «ការបាត់បង់ដ៏សោកនាដកម្មចំពោះជនស៊ីវិល» នៅក្នុងការវាយប្រហារចុងក្រោយបង្អស់នេះ «គឺជាការរំលឹកមួយទៀតនៃមូលហេតុដែលយើងត្រូវការដើម្បីឃើញទីបញ្ចប់នៃសង្រ្គាមនេះ»។
អ៊ីស្រាអែលនិយាយថា ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សាភាគខាងជើងត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ក្រុមហាម៉ាស់កុំឱ្យប្រមូលផ្តុំគ្នាឡើងវិញ ហើយចោទប្រកាន់ពួកគេថាបានបង្កប់ខ្លួនក្នុងចំណោមប្រជាជនស៊ីវិល ដែលក្រុមហាម៉ាស់បដិសេធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់ «ភេរវករ»ចំនួន ៤០ នាក់នៅ Jabalia ហើយនៅកណ្តាលតំបន់ហ្គាហ្សា ខ្លួន «បានកម្ចាត់ភេរវករជាច្រើននាក់»ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ រួមទាំងអ្នកមួយចំនួនដែលបាន «ប៉ុនប៉ងដាក់គ្រឿងផ្ទុះនៅជិតកងទ័ព»។
តំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើងប្រឈមមុខនឹងវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅ ដោយមានមនុស្សរាប់សែននាក់រស់នៅក្នុងស្ថានភាពអស់សង្ឃឹម៕(ប្រែសម្រួលដោយ លោកសំណាង)